ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

J-Hope ក្រុម BTS ប្រកាស World Tour ដំបូងក្រោយចប់កាតព្វកិច្ចយោធា

១៣ មករា ២០២៥ | កម្សាន្ដ

តារាចម្រៀងរ៉េបប្រចាំក្រុម BTS គឺ J-Hope បានប្រកាសចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ទោលដំបូងរបស់ខ្លួន ជាការវិលត្រលប់មកឆាកតន្ត្រីវិញផ្លូវការក្រោយចូលបម្រើយោធាជិត ២ឆ្នាំ។

 

 


J-Hope សមាជិកវ័យ ៣០ឆ្នាំរបស់ក្រុមចម្រៀងកូរ៉េ BTS កាលពីពេលថ្មីៗនេះបានចែករំលែករូបភាពជាមួយកាលបរិច្ឆេទសម្រាប់ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ខ្លួននៅលើ Instagram ព្រមជាមួយ Caption ដ៏រំភើបថា "ទីបំផុតមកដល់ហើយ!!! j-hope Tour 'HOPE ON THE STAGE'"។

 

 


គួរបញ្ជាក់ថា BTS គឺជាក្រុមចម្រៀងខេប៉ុបដំបូងគេ និងតែមួយគត់ដែលបានជាប់បេក្ខភាពក្នុងកម្មវិធីពានរង្វាន់ Grammy និងឈានដល់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិក ជាមួយបទចម្រៀងភាសាអង់គ្លេសដូចជាបទ "Dynamite" (ដាយណាម៉ាយ), បទ "Butter" និងបទ "My Universe" ដែលសហការជាមួយក្រុមចម្រៀងរ៉ុកអង់គ្លេស Coldplay ។

 

 


មានឈ្មោះដើមថា Jung Ho-seok (ចុង ហ៊ូ សក) J-Hope គឺជាសមាជិកទី ២ ក្នុងចំណោមសមាជិកទាំង៧របស់ក្រុមចម្រៀងមួយនេះដែលបានបញ្ចប់កាតព្វកិច្ចយោធា បន្ទាប់ពីសមាជិកកូនបងគេក្នុងក្រុមគឺ Jin បានបញ្ចប់មុនកាលពីខែមិថុនា ឆ្នាំ២០២៤។

 


ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក "Hope on the Stage" នឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានរយៈពេល ៣ ថ្ងៃនៅឯពហុកីឡដ្ឋាន KSPO Dome។ បន្ទាប់ពីនេះ J-Hope នឹងទៅសម្ដែងនៅប្រទេសផ្សេងទៀតរួមមានសហរដ្ឋអាមេរិក ថៃ សិង្ហបុរី ជប៉ុន ហ្វីលីពីន និងចិន ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025