ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
អាយុទើបតែ៦ឆ្នាំ តែម៉ូដែលតូចគួរឱ្យស្រលាញ់ ហេង ខត្តិយា ហៅ លីអឺ មានទេពកោសល្យសិល្បៈខ្ពស់ ជាហេតុធ្វើឱ្យនាងក្តោបឱកាសសម្តែងភាពយន្តខ្នាតអន្តរជាតិ ជាមួយតារាភាពយន្តល្បីៗមកពីឥណ្ឌូនេស៊ី។ក្មេងស្រីតូចគួរឱ្យស្រលាញ់ ហេង ខត្តិយា ហៅ លីអឺ អាយុទើបតែ៦ឆ្នាំប៉ុណ្ណោះ តែនាងមានទេពកោសល្យសិល្បៈខ្ពស់អាច រាំ ច្រៀង សម្តែង និងដើរបង្ហាញម៉ូដបានយ៉ាងល្អមិនចាញ់ម៉ូដែលវ័យក្មេងឯទៀតនោះឡើយ។
ម៉ូដែលតូចដ៏ឆ្លាតវ័យរូបនេះ ស្រលាញ់វិស័យសិល្បៈខ្លាំងណាស់ ដូច្នេះទើបក្រុមគ្រួសារព្យាយាមជួយជម្រុញ និងជ្រោមជ្រែងបន្ថែមដើម្បីក្មេងស្រីតូចរូបនេះមានឱកាសឈោងចាប់ក្តីស្រមៃលើវិថីសិល្បៈ។
អាយុតិចក៏ពិតមែន ប៉ុន្តែ លីអឺ ធ្លាប់ចូលរួមកម្មវិធីសិល្បៈជាច្រើន ពិសេសការបង្ហាញម៉ូដ និងធ្លាប់ស្ម័គ្រចិត្តចូលរួមកម្មវិធីសប្បុរសធម៌ និងការងារសង្គមផ្សេងៗផងដែរ។ ជាក់ស្តែង កន្លងមកម៉ូដែលវ័យក្មេងពេញដោយទេពកោសល្យសិល្បៈ ហេង ខត្តិយា ធ្លាប់ព្រឹត្តិការណ៍ដើរបង្ហាញម៉ូដកម្មវិធីលំដាប់អន្តរជាតិ Vietnam International Junior Fashion Week នៅប្រទេសវៀតណាម , កម្មវិធីសិក្ខាសាលាតាមសកលវិទ្យាល័យជាមួយក្រុមហ៊ុន CIM , ព្រឹត្តិការណ៍ជិះស៊ីក្លូគាំទ្រទេសចរណ៍ និងការជំរុញការគាំទ្រផលិតផលក្នុងស្រុកជាមួយសមាគមអភិវឌ្ឍន៍សង្គមខ្មែរ , កម្មវិធីដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់ Fashion & Lifestyle ក្នុងបំណងអបអរសាទរពិធីបុណ្យ Christmas និង ថ្ងៃឆ្លងឆ្នាំសកល២០២៥ និងធ្លាប់បានចូលរួមកម្មវិធីយុវជនស្ម័គ្រចិត្តជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក), ព្រឹត្តិការណ៍មួយម៉ឺនអាល័យលើកទី៨ និងកម្មវិធីសិល្បៈផ្សេងទៀតជាច្រើន។
គួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ អាយុទើបតែ ៦ឆ្នាំក៏ពិតមែនតែនាងតូច លីអឺ ទទួលបានឱកាសដ៏ធំពីលោក អ៊ិន វិចិត្រ ឱ្យសម្តែងក្នុងភាពយន្តខ្នាតធំអន្តរជាតិ ចំណងជើងថា «បណ្តាសារភូមិកំពង់បាទូ» ដែលភាពយន្តនេះជាសហផលិតរវាងកម្ពុជា និងឥណ្ឌូនេស៊ី។
ក្នុងភាពយន្តខ្នាតធំអន្តរជាតិនេះ លីអឺ ក្តោបឱកាសសម្តែងជាតួអង្គសារ៉ាពីក្មេង ដែលតួសារ៉ានេះសម្តែងដោយតារាភាពយន្តល្បីឈ្មោះឥណ្ឌូនេស៊ី កញ្ញា Adzana Ashel ( អែតហ៊្សាណា អាស៊ែល)។ ក្រៅពីឱកាសថតភាពយន្តខ្នាតធំអន្តរជាតិ ក្មេងស្រីតូច លីអឺ ធ្លាប់បានចូលរួមថតស៉្បតពាណិជ្ជកម្ម ថតប្រម៉ូតផ្សព្វផ្សាយ ហើយឆាប់ៗនេះនាងនឹងចូលរួមប្រកួតកម្មវិធី Kid Face’s of Cambodia ។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ