ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥

«រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ ត្រៀមបង្ហាញទម្រង់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាំងពីសម័យឧត្តុង្គរហូតមកដល់បច្ចុប្បន្ន 

០៩ មករា ២០២៥ | កម្សាន្ដ

ឱកាសស្វែងយល់អំពីទម្រង់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាំងពីសម័យឧត្តុង្គរហូតមកដល់បច្ចុប្បន្នត្រឡប់មកវិញហើយ ដោយ«រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នឹងរៀបចំឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។

 

 

កម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ កំពុងត្រៀមបង្ហាញខ្លួនជាថ្មីម្តងទៀតហើយ ដោយកាលពីព្រឹកថ្ងៃទី២ ខែមករាកន្លងទៅ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការរៀបចំកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» បានដឹកនាំប្រជុំជាមួយលោកគ្រូ អ្នកគ្រូ ជំនាញផ្នែក សម្លៀកបំពាក់ ដើម្បីពិភាក្សាអំពីទម្រង់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ តាំងពីសម័យឧត្តុង្គ រហូតមកដល់បច្ចុប្បន្ន នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលសម្លៀកបំពាក់ទាំងនោះ នឹងយកទៅបង្ហាញជូនក្នុងកម្មវិធីនេះ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។

 

 

លោកជំទាវ ឡងឌី សាន់ណារ៉ា ប្រធានគណ:កម្មការរៀបចំកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» ធ្លាប់បានថ្លែងឱ្យដឹងក្នុងកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី១ ថា «រាត្រីសមោសរសំពត់បត់ខ្មែរ» គឺជាកម្មវីធីផ្សព្វផ្សាយពីអត្ថន័យពីគុណតម្លៃសំពត់បត់ខ្មែរដល់មហាជន ដែលមានតម្លៃអាចប្រើប្រាស់បានគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់វ័យ គ្រប់កម្មវិធី និងនៅក្នុងគ្រប់សម័យកាល។ មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏ជាការបំផុសស្មារតីកូនខ្មែរ ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សីឱ្យងាកមកស្រលាញ់វប្បធម៌របស់ខ្លួន ជាពិសេសជំរុញឱ្យស្ត្រីខ្មែរឱ្យដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរ និងចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដែលជាកេរដំណែលដូនតា រួមចំណែការអភិវឌ្ឍ លើកតម្កើងមរតកវប្បធម៌ដូចតា ព្រោះនេះជាកាតព្វកិច្ចនៃយើងទាំងអស់គ្នា។

 

 

គេចាំបានថា កាលពីឆ្នាំ២០២៤កន្លងទៅ កម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» រួមជាមួយការតាំងបង្ហាញស្នាដៃផលិតផលសិប្បកម្មខ្មែរក្នុង «ពិព័រណ៍សិប្បកម្មយើង» ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជន ដោយកាលនោះមានការចាក់បញ្ចាំងវីដេអូឯកសារស្តីពីប្រវត្តិនៃសម្លៀកបំពាក់តាមសម័យកាល ដោយចាប់ផ្តើមពីសម័យអង្គរ , ការបកស្រាយបទចម្រៀង «សំបុត្របង» អមដោយរូបភាពនៃខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» , ការចាក់បញ្ចាំងវីដេអូបង្ហាញពីភូមិតម្បាញខ្មែរ សម្តែងដោយកញ្ញា រឿន ណាត Miss Universe Cambodia 2018 និងការបង្ហាញម៉ូតពីតារាបង្ហាញម៉ូ ១១រូប , ការបង្ហាញម៉ូដសម្លៀកបំពាក់កុមារច្នៃពីសូត្រ ដោយ កុមារី ១០ រូប រួមទាំង Ellie Bella ផងដែរ។

 

 

 ទៀតសោត ក៏មានការសម្តែងចាប៉ីដងវែង «គុណតម្លៃនៃសំពត់បត់ខ្មែរ» , វីដេអូសម្ភាសន៍ថ្នាក់ដឹកនាំ និងព្រឹទ្ធាចារ្យអំពីការប្រើប្រាស់សម្លៀកបំពាក់ក្នុងពិធីផ្សេងៗ , ផ្ទាំងទស្សនីយភាព របាំទេវស្រីសួគ៌ និងការបង្ហាញម៉ូដ ឯកសណ្ឋានផ្លូវការ (បុណ្យជាតិ) សម្លៀកបំពាក់ប្រពៃណី និងការបង្ហាញម៉ូដសម្លៀកបំពាក់រាត្រីសមោសរ ដោយក្រុមតារាបង្ហាញម៉ូដ លោក អូលីវ៉ា គង់។

 

 

សូមជម្រាបផងដែរថា កម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ គ្រោងនឹងរៀបចំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ ដោយនាំមកនូវទម្រង់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ តាំងពីសម័យឧត្តុង្គរហូតមកដល់បច្ចុប្បន្ន។ កុំភ្លេចទៅចូលរួមទស្សនាកម្មវិធីនេះឱ្យបានច្រើនកុះករ ដើម្បីចំណេះដឹង ការអភិរក្ស និងភាពសប្បាយរីករាយជាមួយសម្លៀកបំពាក់ខ្មែរតាមសម័យកាលដ៏រុងរឿង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025