ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
សិល្បករ-សិល្បការនី និងមហាជនទូទាំងប្រទេសបង្ហាញការតក់ស្លុតជាខ្លាំងចំពោះមរណភាពរបស់តារារ៉េបល្បីឈ្មោះ RuthKo កាលពីយប់មិញ ដែលនេះសោកនាថកម្មដ៏រន្ធត់សម្រាប់វិស័យរ៉េបនៅកម្ពុជា។
មរណភាពរបស់តារាចម្រៀងរ៉េប RuthKo បង្កឡើងដោយរថយន្តម៉ាក LEXUS RX330 ជាមួយម៉ូតូ ម៉ាក TVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទី ជាដំណឹងដ៏រន្ធត់បំផុតសម្រាប់វិស័យសិល្បៈខ្មែរ ដែលយើងបានបាត់បង់ធនធានកម្រម្នាក់ទៀតត្រឹមមួយពព្រិចភ្នែក។
សិល្បករ-សិល្បការនីខ្មែរទូទាំងប្រទេស ពិសេសមិត្តភ័ក្តជិតស្និទរបស់តារារ៉េបរូបនេះ ស្ទើរតែមិនអាចទទួលយកបានពេលដឹងថា តារារ៉េបពោរពេញដោយទេពកោសល្យរូបនេះត្រូវឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់វិញ។ ស្នាដៃចម្រៀងចាស់ៗ រូបថតអនុស្សាវរីយ៍ល្អរបស់ RuthKo ត្រូវបានគាស់កកាយឡើងមកបង្ហោះព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក អមដោយសាររំលែកទុក្ខ និងភាពអាលោះអាល័យជាទីបំផុត។
ក្រឡេកទៅមើល តារារ៉េបល្បីៗ និងតារារ៉េបស្រករក្រោយដែលទទួលការបណ្តុះបណ្តាលពី RuthKo ដែលជា Coach កម្មវិធី Rapper Fighter ឯណោះវិញ បាននាំគ្នាស្រែកទ្រហ៊ោយំចំពោះសោកនាថកម្មដ៏រន្ធត់ ដែលត្រូវបាត់បង់មិត្តភ័ក្ត និងគ្រូបង្វឹកដ៏ល្អម្នាក់នេះ។ មុនកើតហេតុប៉ុន្មានម៉ោង Coach RuthKo ទើបតែ share ពីការប្រកួតវគ្គ FIGHTER STRIKE សប្តាហ៍ទី ០២ ធ្វើឱ្យគ្រប់គ្នារឹតតែសោកសង្រែកចំពោះរូបលោក។
សូមជម្រាបថា តារារ៉េបកូនកាត់ខ្មែរ-បារាំង RuthKo មានឈ្មោះពិតថា ដាវិឌ ប្ញទ្ធិរុទ្រ អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នជាតារាចម្រៀង មានទីលំនៅផ្ទះលេខ៤៩_៥១ ផ្លូវលេខ១៦៨ ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកជាតារារ៉េបល្បីឈ្មោះម្នាក់ក្នុងរង្វង់សិល្បៈខ្មែរ និងមានស្នាដៃបទចម្រៀងជាច្រើនក្នុងផលិតកម្ម KlapYaHandz ហើយបច្ចុប្បន្នលោកក៏ជាគ្រូបង្វឹកកំពុងល្បីឈ្មោះក្នុងកម្មវិធីប្រឡងរ៉េប The Rapper Fighter របស់ទូរទស្សន៍ភីអិនអិនផងដែរ។
ករណីគ្រោះថ្នាក់ចរាចររហូតឈានដល់ការបាត់បង់ជីវិតតារារ៉េប RuthKo កើតឡើងនៅវេលាម៉ោង០១ និង៣០នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បង្កឡើងរវាងរថយន្តម៉ាក LEXUS RX330 ជាមួយម៉ូតូ ម៉ាក TVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយរថយន្តបើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ក៏បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL_9616 របស់តារារ៉េប RuthKo ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យតារារ៉េបល្បីឈ្មោះរូបនេះស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង។
យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា អ្នកបើករថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771 ដែលបានបើកបុកតារារ៉េបល្បីឈ្មោះ RuthKo ស្លាប់ មានឈ្មោះថា ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០ (បុរីប៉េងហួត៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសួរនាំអនុវត្តតាមនីតិវិធី និងបានបញ្ជាក់ថា អ្នកបើកបររថយន្តត្រូវ សមត្ថកិច្ចត្រួតពិនិត្យហើយ គឺគ្មានជាតិអាល់កុលនោះទេ។
យ៉ាងណាមិញ មរណៈភាពរបស់តារារ៉េប និងជា Coach ដ៏ល្បីម្នាក់ក្នុងកម្មវិធី Rapper Fighter របស់ PNN ជាការបាត់បងធនធានដ៏សំខាន់ម្នាក់ក្នុងវិស័យរ៉េបនៅកម្ពុជា ខណៈដែលចង្កោមតារាសិល្បៈដែលស្រឡាញ់រាប់អានតារាចម្រៀងរ៉េបរូបនេះ មិត្តភ័ក្ត អ្នកគាំទ្រ និងមហាជនទូទាំងប្រទេសកំពុងនាំគ្នាកាន់ទុក្ខឱ្យតារារ៉េបរូបនេះ និងបានបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភព សូម្បីតែទំព័រហ្វេសប៊ុកផ្លូវការ RAPPER FIGHTER ក៏ប្តូរ Profile ពណ៌ខ្មៅ បង្ហាញការកាន់ទុក្ខសម្រាប់ការបាត់បង់ Coach ដ៏មានសមត្ថភាពរូបនេះផងដែរ។ ពេលនេះ សពរបស់តារាចម្រៀងរ៉េប RuthKo ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅសាច់ញាតិដើម្បីរៀបចំយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន