ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥

ស្វែង សុជាតា ប្រឹងធ្វើការងារកសិកម្មព្រោះមិនចង់លើកដៃសុំជំនួយពេលធ្លាក់ខ្លួនឈឺ ! 

២៦ ធ្នូ ២០២៤ | កម្សាន្ដ

 

តារាសម្តែងចាស់វស្សាអ្នកនាង ស្វែង សុជាតា ប្រឹងពង្រឹងការងាររកស៊ីកសិកម្មបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូល ពីព្រោះមិនចង់លើកដៃសុំជំនួយពេលធ្លា់កខ្លួនឈឺ ។ 

 

 

បន្ទាប់ពីឃើញសិល្បករមួយចំនួនពេលធ្លាក់ខ្លួនឈឺប្រកាសសុំជំនួយបានធ្វើឱ្យតារាសម្តែង ស្វែង សុជាតា ប្រកាសក្តែងៗថា នាងនឹងប្រឹងធ្វើការងារអស់ពីសមត្ថភាព ដាច់ខាតមុនលើកដៃសុំជំនួយនៅពេលដែលធ្លាក់ខ្លួនឈឺដេកនិងកន្ទេល ។ 

 

 

ដូចមហាជនដឹងស្រាប់ហើយថាតារាសម្តែងចាស់វស្សារូបនេះ មានជំងឺជាច្រើន ប៉ុន្តែនាងបានព្យាយាមតស៊ូ និងព្យាបាលគ្រប់វិធីសាស្រ្ត ដើម្បីទទួលបានសុខភាពល្អប្រសើរឡើងវិញ។  មិនថាថតភាពយន្ត ឬថតស្ពត នាងទទួលដោយក្តីរីករាយ ទោះតម្លៃតិចឬច្រើន នាងមិនប្រកាន់ឡើយ សំខាន់គឺនាងស្រឡាញ់ពេញចិត្ត ។

 

 

ទន្ទឹមនឹងការតស៊ូក្នុងជីវិតយ៉ាងលំបាកនេះអ្នកនាង ក៏បានបង្ហើបប្រាប់ពីការងារថ្មីរបស់ខ្លួនបន្ថែមទៀតពីការងារសិល្បៈ ដោយនាងបានងាកទៅធ្វើការងារកសិកម្មធ្វើជីបន្ថែមទៀត ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត ។ 

 

 

ឈរជើងនៅលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ ស្វែង សុជាតា បានមើលឃើញពីទុក្ខលំបាករបស់សិល្បករជាច្រើន នៅពេលដែលឈឺតែងតែប្រកាសសុំជំនួយ សម្រាប់រួបនាងវិញ ថ្វីដ្បិតតែមានជំងឺជាប់ខ្លួនច្រើនមុខ តែនាងនឹងប្រឹងធ្វើការងារគ្រប់បែបយ៉ាងទោះធ្លាក់ខ្លួនឈឺក៏មិនប្រកាសឬលើកដៃសុំជំនួយដែរ ។  

 

 

អ្នកនាង ស្វែង សុជាតា បានបន្ថែមទៀតថា នាងនិយាយបែបនេះមិនមែនចង់ដៀមដាមទៅសិល្បករណាម្នាក់ទេ តែក្នុងចិត្តនាងពិតជាមិនចង់លឺពាក្យថា សុំជំនួយនៅពេលដែលខ្លួនជួបទុក្ខលំបាកឡើយ ទើបនាងខំប្រឹងរកលុយទុកសម្រាប់ខ្លួនពេលដែលធ្លាក់ខ្លួនឈឺ ៕ 

 


 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ញិល សុជា និង ហ្វេសប៊ុក 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025