ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ម្តាយរបស់តារាសម្តែងស្រីកូរ៉េខាងត្បូង Han So Hee ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពីបទបើកដំណើរការល្បែងស៊ីសងខុសច្បាប់ជាច្រើន។របាយការណ៍ពីសារព័ត៌មាន Allkpop នៅថ្ងៃទី២៥ ខែធ្នូនេះ បានឱ្យដឹងថាម្តាយរបស់ Han So Hee ដែលគេស្គាល់ឈ្មោះថាអ្នកស្រី Shin មានអាយុ ៥៥ ឆ្នាំ ត្រូវបានតុលាការក្រុង Chuncheon (ឈុនឆន) កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំជាមួយនឹងការព្យួរ ២ ឆ្នាំ រួមនឹងការធ្វើការងារសហគមន៍រយៈពេល ១២០ ម៉ោង។
តាមនោះដែរ អ្នកស្រីត្រូវបានចោទប្រកាន់ពីបទបើកកន្លែងលេងល្បែងខុសច្បាប់ចំនួនប្រាំពីរកន្លែងដើម្បីរកប្រាក់ចំណេញនៅចន្លោះចុងខែមករា ឆ្នាំ ២០២២ ដល់ចុងខែសីហា ឆ្នាំ ២០២៣។ នេះមិនមែនជាការប្រព្រឹត្តខុសឆ្គងលើកដំបូងនោះទេរបស់អ្នកស្រី Shin ដោយកាលពីឆ្នាំ ២០២១ អ្នកស្រីត្រូវបានចោទប្រកាន់ពាក់ព័ន្ធករណីល្បែងដូចគ្នា និងត្រូវបានពិន័យជាទឹកប្រាក់ ៥ លានវ៉ុន ស្មើនឹង ៣៤០០ដុល្លារ ។
កាលពីខែកញ្ញា ទីភ្នាក់ងាររបស់តារាសម្ដែង Han So Hee គឺក្រុមហ៊ុន 9Ato Entertainment ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថា៖ “បញ្ហាទាក់ទងនឹងម្តាយរបស់ Han So Hee គឺជារឿងផ្ទាល់ខ្លួនរបស់គាត់ទាំងស្រុង ហើយមិនទាក់ទងនឹងតារាស្រីរូបនេះនោះទេ។ Han So Hee ទើបតែដឹងអំពីបញ្ហានេះតាមរយៈព័ត៌មានប៉ុណ្ណោះ ហើយនាងក៏ខូចចិត្តដែរ”។
តារាស្រីវ័យ ៣១ឆ្នាំរូបនេះធ្លាប់បង្ហើបថាឪពុកម្តាយរបស់នាងបានលែងលះគ្នានៅពេលដែលនាងមានអាយុប្រហែល ៥ ឆ្នាំ ហើយនាងក៏បានរស់នៅជាមួយជីដូនរហូតដល់ចូលរៀនសាកលវិទ្យាល័យ។ ទោះបីម្ដាយមិនមើលថែ ប៉ុន្តែកន្លងមកនាងក៏បានជួយសងបំណុលជំនួសម្ដាយយ៉ាងអស់ពីលទ្ធភាព។
សូមបញ្ជាក់ថា Han So Hee ចាប់ផ្ដើមមានឈ្មោះបោះសំឡេងក្នុងវិស័យភាពយន្តកូរ៉េក្រោយបង្ហាញខ្លួនក្នុងរឿងភាគ The World Of the Married ក្នុងឆ្នាំ ២០២០ ហើយជាបន្ដបន្ទាប់នាងបានបង្ហាញខ្លួនក្នុងរឿងល្បីៗ ដូចជា Nevertheless (ណេវើដឹឡេស), My Name និង Gyeongseong Creature (ខ្យុងសុង គ្រីតឆឺ) ជាដើម ៕
ប្រែសម្រួល៖ វ៉ាន់ថន