ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

Mariah Carey កើបលុយលានដុល្លាររាល់ឆ្នាំពីបទ “All I Want for Christmas is You”

២៣ ធ្នូ ២០២៤ | កម្សាន្ដ

 

រយៈពេល ៣០ ឆ្នាំគត់បន្ទាប់ពីបទចម្រៀង “All I Want for Christmas is You” បានចេញផ្សាយ ម្ចាស់បទនេះ គឺតារាចម្រៀងអាមេរិក Mariah Carey នៅតែអាចរកចំណូលបានខ្ទង់លានដុល្លារជារៀងរាល់ឆ្នាំពីបទមួយនេះ។

 


"All I Want for Christmas Is You" គឺជាបទចម្រៀងមួយពីអាល់ប៊ុមទី ៤របស់ Mariah Carey (ម៉ារ៉ាយ ខារី) មានចំណងជើងថា Merry Christmas ដែលទទួលជោគជ័យជាសកលភ្លាមៗ ក្រោយចេញក្នុងឆ្នាំ១៩៩៤។ បីទស្សវត្សរ៍បន្ទាប់ពីការចេញផ្សាយ បទចម្រៀងនេះនៅតែបន្តឡើងមកដល់កំពូលតារាង Billboard Hot 100 និង Spotify គ្រប់ពេលដែលបុណ្យណូអែលជិតឈានចូលមកដល់។

 


ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែធ្នូនេះ បទ “All I Want for Christmas is You” បានឡើងដល់ចំនាត់ថ្នាក់លេខ១ លើតារាងចម្រៀងពេញនិយមប្រចាំថ្ងៃរបស់ Spotify ដោយទទួលបានការចូលស្ដាប់ជាង ១០,៦ លានដងក្នុងថ្ងៃនោះ។

 

 

មិនតែប៉ុណ្ណោះក្នុងខែនេះ Spotify បានប្រកាស ថាបទនេះជាបទចម្រៀងបែបបុណ្យណូអែលដំបូងគេដែលមានការចូលស្ដាប់លើស ២ ពាន់លានដងទូទាំងពិភពលោក។

 


យោងតាមការផ្សាយរបស់ទស្សនាវដ្ដី Forbes បង្ហាញថា Mariah Carey អាចរកចំណូលបាន ៦០ លានដុល្លារក្នុងឆ្នាំ ១៩៩៤ នៅពេលបទចម្រៀងនេះត្រូវបានចេញផ្សាយលើកដំបូង ហើយមកដល់ពេលនេះ នាងនៅតែអាចរកបានប្រហែល ២,៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីកម្មសិទ្ធិបញ្ញានៃបទចម្រៀងនេះ។

 

 

បើផ្អែកតាមការគណនារបស់ The New York Post តួលេខគឺខ្ពស់ជាងនេះទៅទៀត ពោលរហូតដល់ ៣ លានដុល្លារក្នុងមួយឆ្នាំ ដោយចំណូលទាំងនោះគឺទទួលបានរាល់ពេលមានការដោនឡូត និងចូលស្ដាប់លើវេទិកា Streaming នានា ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024