ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
បទចម្រៀងរបស់តារាចម្រៀងអង់គ្លេស Adele ត្រូវបានមេធាវីប្រេស៊ីលបង្គាប់ឱ្យដកចេញពីបណ្ដាញ Streaming ទូទាំងពិភពលោក បន្ទាប់ពីរងបណ្ដឹងថាមានការលួចចម្លង។
មេធាវីក្នុងទីក្រុង Rio បានចេញសេចក្ដីសម្រេចបញ្ជាឱ្យដកបទចម្រៀង "Million Years Ago" របស់តារាចម្រៀង Adele (អាឌេល) ចេញពីបណ្ដាញស្ដាប់ចម្រៀងទាំងអស់ ដោយសារតែមានការចោទប្រកាន់លួចចម្លងពីអ្នកនិពន្ធប្រេស៊ីលម្នាក់ ខណៈក្រុមហ៊ុន Universal Music ដែលជាភាគីរបស់ Adele កំពុងតស៊ូប្ដឹងឧទ្ធរណ៍។
សេចក្តីសម្រេចដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី១៦ ខែធ្នូ បានកើតឡើងបន្ទាប់ពីអ្នកនិពន្ធឈ្មោះ Toninho Geraes (តូនីញ៉ូ ហ្គើរ៉េស) បានចោទប្រកាន់ Adele ថាបានចម្លងបទចម្រៀងរបស់លោកមានចំណងជើងថា "Mulheres" (មូលហ៊ើរ៉េស) ដែលជាបទល្បីតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០។ មេធាវីរបស់ Geraes បាននិយាយថា សេចក្តីសម្រេចបង្ហាញថាប្រព័ន្ធយុត្តិធម៌ប្រេស៊ីលមានភាពរឹងមាំ ហើយការខូចខាតដល់សិល្បករប្រេស៊ីលនឹងមិនត្រូវបានមើលរំលងឡើយ។
សេចក្ដីសម្រេចខាងលើបានបញ្ជាឱ្យ Sony Music Entertainment និង Universal Music បញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ ការផលិតឡើងវិញ ការកែសម្រួល ចែកចាយ ឬផ្សាយពាណិជ្ជកម្មលើបទចម្រៀងនេះគ្រប់មធ្យោបាយនៅលើវេទិកាស្ទ្រីម ឬការចែករំលែក ដោយគ្មានការយល់ព្រមពី Geraes ព្រមកំណត់ការផាកពិន័យ ៨ ពាន់ដុល្លារ ប្រសិនបើក្រុមហ៊ុនទាំងពីរមិនគោរពតាមបញ្ជានោះ។
បច្ចុប្បន្នមេធាវីរបស់ Geraes កំពុងជូនដំណឹងដល់សេវាកម្មស្ទ្រីមនានាដូចជា Spotify និង Deezer ដើម្បីដកបទចម្រៀងនេះក្នុងប្រទេសប្រេស៊ីល និងទូទាំងពិភពលោក។
យ៉ាងណាមិញក្រុមហ៊ុន Universal បានតវ៉ាដោយប្តឹងឧទ្ធរណ៍កាលពីថ្ងៃទី១៧ ខែធ្នូ ដោយលើកហេតុផលថាមិនមានការលួចចម្លងនោះទេ ហើយភាពស្រដៀងគ្នានៃបទភ្លេងក្នុងបទទាំងពីរគឺជារឿងចៃដន្យប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វ៉ាន់ថន