ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦ កំពុងមានវត្តមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជារយៈពេល ៥ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដែលក្នុងនោះមានភាពយន្តជាច្រើនប្រភេទមកពីអនុតំបន់ឡានឆាង-មេគង្គ នឹងធ្វើការចាក់បញ្ចាំងជូនសាធារណជនចូលរួមទស្សនាដោយឥតគិតថ្លៃ។
ពិធីបើក «សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦» ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ម្សិលមិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , លោក ឈិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា , លោក ចាយ យូឡុង តំណាងគណៈកម្មការរៀបចំសប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ និងជាប្រធានរដ្ឋបាលភាពយន្តខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន , គណៈប្រតិភូភាពយន្ត សិល្បករ-សិល្បការនីដែលអញ្ញើញមកពីប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ការរៀបចំនេះ គឺជាលើកទី១ ដែលព្រឹត្តិការណ៍សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ ធ្វើឡើងនៅក្រៅទឹកដីខេត្តយូណាននៃប្រទេសចិន ហើយសកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតី និងឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តការ ការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរឡើងថែមទៀតនូវកិច្ចសន្ទនារវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ។
សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦ រៀបចំឡើងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដែលក្នុងនោះមានភាពយន្តជាច្រើនប្រភេទមកពីអនុតំបន់ឡានឆាង-មេគង្គ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន នឹងធ្វើការចាក់បញ្ចាំងជូនសាធារណជនចូលរួមទស្សនាដោយឥតគិតថ្លៃ នៅរោងភាពយន្តលេជេន អូឡាំព្យារ និងលេជេន អ៊ិចឆេងស្វ៊ែរ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ភាពយន្ត គឺជាភាសាសកលដែលងាយនឹងឆ្លងព្រំដែន ហើយលើសពីនេះ ភាពយន្តក៏មានលក្ខណៈពិសេស និងជាស្ពានក្នុងការតភ្ជាប់ទំនាក់ទំនង បង្កើតការយល់ដឹងពីគ្នាទៅវិញមក ព្រមទាំងជាមធ្យោបាយក្នុងការចែករំលែករឿងវ៉ាវប្រកបដោយភាពច្នៃប្រឌិដ្ឋ។
ការរៀបចំព្រឹត្តិការណ៍ «សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦» នាពេលនេះ មិនត្រឹមតែជាសកម្មភាពនៃការជួបជុំផលិតករ សិល្បករ ក្នុងរង្វង់នៃឧស្សាហកម្មភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងជាសក្ខីភាពនៃការបង្កើតភាពជាដៃគូយូរអង្វែង ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា ព្រមទាំងជាសកម្មភាពនៃការលើកកម្ពស់កិច្ចសន្ទនាក្នុងវិស័យវប្បធម៌ និងកិច្ចសហប្រត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រី្ត ចាត់ទុកថា ការរៀបចំសប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦ នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ ជាពិសេសវិស័យភាពយន្ត និងជាការផ្តល់ឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ សិល្បករ-សិល្បការនី និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្តបានជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងវប្បធម៌នៃប្រទេសរបស់យើងទាំងអស់គ្នា។
ទន្ទឹមគ្នានោះ លោក ឈិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការផ្នែកភាពយន្ត និងវប្បធម៌ចិន-កម្ពុជា និងឆ្ពោះទៅរកអនាគតរុងរឿង និងផ្តល់ភាពភ្លឺស្វាង ដល់ការកសាងជោគវាសនារួម ចិន-កម្ពុជា នៅក្នុងយុគ្គសម័យថ្មី។
ស្របពេលដែល លោក ចាយ យូឡុង តំណាងគណៈកម្មការរៀបចំសប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ និងជាប្រធានរដ្ឋបាលភាពយន្ត ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ក៏បានលើកឡើងថា នៅក្រោមក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-កម្ពុជា និងការកសាងសហគមន៍ជោគវាសនាតែមួយ ចិន-កម្ពុជា នាយុគសម័យថ្មី គណៈកម្មាធិការ បក្សកុម្មុយនិស្តចិន ប្រចាំខេត្តយូណាន រដ្ឋបាលប្រជាជនខេត្តយូណាន តែងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច