ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ដើម្បីទទួលបានភាពស្អាតស្អំរបស់ខ្លួនមកវិញ តារាចម្រៀងរ៉េប វណ្ណថាន បានចេញមុខបកស្រាយការពិតចំពោះមហាជន អំពីរឿងយុវតីម្នាក់ដែលបានចោទប្រកាន់ខ្លួនថាបានចាប់រំលោភនិងចម្លងជំងឺមហារីកមកកាន់ខ្លួន ។
អស់ពេលជាងមួយសប្តាហ៍ហើយដែលតារាចម្រៀងរ៉េប វណ្ណថាន បានទទួលរងនូវការចោទប្រកាន់ពីយុវតីម្នាក់ឈ្មោះ កុល ធីតា ថាបានចាប់រំលភនិងចម្លងជំងឺកាចសាហាវមកលើខ្លួន ខណៈតារារូបនេះគ្មានចេញប្រតិកម្មតបតអ្វីទាំងអស់ ដោយទើបតែនៅព្រឹកមិញនេះលោកបានចេញមុខបំភ្លឺការពិត និងប្រើប្រាស់ផ្លូវច្បាប់ដើម្បីដោះស្រាយ ។
តារាចម្រៀងរ៉េប វណ្ណថាន ចាប់ផ្តើមល្បីឈ្មោះក្នុងសិល្បៈតាមរយៈបទចម្រៀងមួយបទដែលមានចំណងជើងថា « កម្លោះស្រុកស្រែ » បន្ទាប់ពីបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងរ៉េប វណ្ណដា កេរ្តី៍ឈ្មោះរបស់លោកពេលនោះគឺឡើងខ្លាំងមិនធម្មតាទេ រហូតលោកបានក្លាយទៅជាតារាចម្រៀងនៅក្នុងផលិតកម្មរួមគ្នាជាមួយលោក វណ្ណដា និងបានចេញបទចម្រៀងរួមគ្នាជាបន្តបន្ទាប់ ។
ដោយឡែកនៅអំឡុងដើមខែធ្នូនេះ ស្រាប់តែមានរឿងរ៉ាវមួយបានផ្ទុះឡើងធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ បន្ទាប់ពីយុវត្តីមួយរូបដែលមានឈ្មោះថា កុល ធីតា ចេញមុខហែកហួរលោក វណ្ណថាន ថា បានចាប់រំលោភ និងបានចម្លងជំងឺកាចសាហាវ មហារីកមាត់ស្បូនទៅលើរូបនាងដែលធ្វើឱ្យនាងឈឺចាប់បំផុត ។
កុល ធីតា បានចេញវិដេអូជាបន្តបន្ទាប់ដើម្បីនិយាយពីរឿងរបស់ខ្លួននិងលោក វណ្ណថាន ។ ទោះបីជាមានរឿងបែបនេះក្តីលោក វណ្ណថាន បានសំងំឈឹង មិនតបតអ្វីទាំងអស់ ដែលធ្វើឱ្យមហាជនកាន់តែមានការយល់ច្រឡំ ។ ដោយមិនអាចសំងំលាក់មុខតទៅទៀតនៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូនេះ តារាចម្រៀង វណ្ណថាន បានចេញមុខបកស្រាយការពិតជាលើកដំបូងរបស់ខ្លួន ដោយបានចេញលិខិតបំភ្លឺជាផ្លូវការ ថាខ្លួនបានប្រើប្រាស់ផ្លូវច្បាប់ដើម្បីដោះស្រាយរឿងនេះ ។
នៅក្នុងលិខិតបំភ្លឺនោះផងដែរលោក វណ្ណថាន បានរៀបរាប់យ៉ាងវែងអន្លាយនិងបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនថា លោកពិតជាពិបាកចិត្តណាស់ដែលមិនអាចធ្វើការបកស្រាយភ្លាមៗទៅកាន់បងប្អូនអ្នកគាំទ្រ ខណៈពេលដែលមានអ្នកបង្ខូចកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់ខ្លួន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់ខ្លួនមកវិញ លោកសម្រេចចិត្តដោះស្រាយតាមផ្លូវច្បាប់ លោកថែមទាំងបានទៅពិនិត្យសុខភាព និងបញ្ជូនឯកសារទៅតាមផ្លូវច្បាប់រួចរាល់ហើយ ។
ក្នុងអំឡុងពេលមានរឿងអាស្រូវនោះ តារាចម្រៀងរ៉េប វណ្ណថាន ត្រូវបានដកចេញពីការងារជាច្រើនកន្លែង ទាំងខនសឺតតាមខេត្ត និងតាមក្រុងនានា ដោយលោកបានសំងំដើម្បីឱ្យរឿងស្ងប់ស្ងាត់សិន ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក