ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ដោយសារតែឆ្នាំមុន កញ្ញា ឈុំ ចាន់ដារ៉ា បាត់បង់ឱកាសតំណាងកម្ពុជាទៅ ប្រកួតកម្មវិធី Miss Supranational 2024 នៅប៉ូឡូញ ទើបឆ្នាំនេះកញ្ញាសត្រឡប់មកអង្រួនការប្រកួតថ្នាក់ជាតិ Miss Supranational Cambodia 2025 ដើម្បីដណ្តើមកុដជយលាភីដែលធ្លាប់ជារបស់នាង ដើម្បីបំពេញក្តីស្រមៃដ៏ធំដែលទាន់ធ្វើបានសម្រេច។
កញ្ញា ឈុំ ចាន់ដារ៉ា ធ្លាប់ត្រូវស្ថាប័នតែងតាំងជា Miss Supranational Cambodia 2024 ដើម្បីតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ នៅឯប្រទេសប៉ូឡូញ តែដោយសារបញ្ហាទិដ្ឋាការ (VISA) និងបញ្ហាចម្រូងចម្រាស់មួយចំនួន ធ្វើឱ្យនាងខកឱកាសនាំយកទង់ជាតិកម្ពុជាទៅបង្ហាញលើវេទិកាអន្តរជាតិ។ពុំអស់ចិត្តចំពោះការពិតដែលបានកើតឡើង តារាស្រីរូបស្រស់ ឈុំ ចាន់ដារ៉ា សម្រេចចិត្តត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាជាថ្មី តាមរយៈកម្មវិធី Miss Supranational Cambodia 2025 ជាកម្មវិធីដែលនាងធ្លាប់ជាម្ចាស់មកុដកាលពីឆ្នាំមុន។
ដារ៉ា គ្មានភាពញញើតខ្លាចការប្រកួតជាមួយបេក្ខភាពផ្សេងៗនោះឡើយ ដោយនាងជឿជាក់លើសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។ នាងជឿជាក់ថា ទេពកោសល្យ សមត្ថភាព សម្រស់ និងបទពិសោធន៍ការងារកន្លងមកនឹងជួយឱ្យនាងដណ្តើមមកុដដែលធ្លាប់ជារបស់ខ្លួនឯងត្រឡប់មកវិញ។ទន្ទឹមជាមួយគ្នានោះ ឈុំ ចាន់ដារ៉ា ក៏កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព និងបង្កើតទេពកោសល្យថ្មីសម្រាប់ខ្លួនឯង ដើម្បីប្រាកដថា នាងអាចគ្រងមកុដ Miss Supranational Cambodia ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រនៃកម្មវិធី Miss Supranational Cambodia។
គួររំឮកផងដែរថា កញ្ញា ឈុំ ចាន់ដារ៉ា អាយុ ២៤ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ។នាងជា Miss Supranational Cambodia ជំនាន់ទី៣ នៃការទិញសិទ្ធបញ្ជូនបេក្ខភាពទៅប្រកួតកម្មវិធីអន្តរជាតិនៅប្រទេសប៉ូឡូញ តែគួរឱ្យសោកស្តាយ ដារ៉ា ជាបកេ្ខភាពតែម្នាក់ដែលបរាជ័យក្នុងការចេញទៅប្រកួត Miss Supranational 2024 ដោយសារបញ្ហាទិដ្ឋាការ។
វត្តមាន ឈុំ ចាន់ដារ៉ា ក្នុងការប្រកួត Miss Supranational Cambodia 2025 កំពុងធ្វើឱ្យសមភូមិឡើងកំដៅខ្លាំង ព្រោះគ្រប់គ្នាដឹងថា បេក្ខភាពរូបនេះមានមកជាកញ្ចប់ ទាំង សមត្ថភាព រូបសម្រស់ ចំណេះដឹង និងការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងល្អ ថែមទាំងអាច សម្តែង រាំ ច្រៀង បានយ៉ាងល្អឥតខ្ចោះ រហូតអ្នកស្នេហាវិស័យបវរកញ្ញាមួយចំនួនធ្វើការទស្សន៍ទាយលទ្ធផលមុនការប្រកួតមកដល់ទៀតផង។
ទោះជាយ៉ាងនេះក្តី គេនៅពុំទាន់ដឹងថា តើ កញ្ញា ឈុំ ចាន់ដារ៉ា អាចឆក់មកុដ Miss Supranational Cambodia 2025 មកគ្រងម្តងទៀតឬយ៉ាងណា ខណៈបេក្ខភាពផ្សេងទៀតក៏សុទ្ធសឹងតែមានសមត្ថភាពខ្លាំងមិនចាញ់គ្នាប៉ុន្មានឡើយ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក