ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

សម្ដេចមហាបវរធិបតី៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំណូលក្រោម ៦ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ រដ្ឋមិនយកពន្ធឡើយ

១៧ ធ្នូ ២០២៤ | សេដ្ឋកិច្ច

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានចំណូលក្រោម ៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ គឺគ្មានកាតព្វកិច្ចពន្ធ និងមិនចាំបាច់បង់ពន្ធប៉ាតង់នោះឡើយ។  នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ពោធដាក់ឲ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នេះត្រូវបានចាត់ទុកថា ជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»។

 

 

ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី បានអះអាងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ (ចំណូល) ក្រោម ២៥០លានរៀល ឬប្រហាក់ប្រហែល ៦ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។សម្ដេចមហាបវរធិបតី បានបន្ថែមថា ការមិនតម្រូវឲ្យបង់ពន្ធសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានចំណូលក្រោម ២៥០លានរៀល គឺជាការគិតគូរបស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយមិនចាំបាច់ណាមួយដែល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបង់ចូលរដ្ឋឡើយ។

 

 

សម្ដេចបន្ដថា គោលការណ៍នេះ សម្ដេចធ្លាប់បានប្រកាសម្ដងរួចមកហើយ កាលពីខួប ១ឆ្នាំ នៃរាជរដ្ឋាភិបាល។ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមទៀតថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់។ ការចុះឈ្មោះនេះ មិនត្រឹមតែដើម្បីឲ្យទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។ 

 


ទន្ទឹមនឹងនេះ ក្រោយការចុះឈ្មោះ និងទទួលការអនុម័តនៅលើថ្នាលឌីជីថល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូន ដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះ បញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបានជាមួយវិស័យឯកជនផងដែរ។

 


សូមជម្រាបថា ថ្នាល់ឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មិនមែនដើម្បីប្រមូលពន្ធនោះឡើយ តែផ្ទុយទៅវិញ គឺដើម្បីទទួលបានការជួយគាំទ្របន្ថែមពីរដ្ឋ។ ក្នុងន័យនេះ សម្តេចមហាបវរធិបតី បានលើកទឹកចិត្ត ឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីចាប់យកអត្ថប្រយោជន៍ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕
 

 

អត្ថបទ៖ ថុន សុកតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025