ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ស្របពេលជម្លោះរវាងក្រុមចម្រៀង NewJeans និងទីភ្នាក់ងាររបស់ពួកគេគឺក្រុមហ៊ុន ADOR កាន់តែរីកធំរហូតក្លាយជាជម្លោះផ្លូវច្បាប់ សមាគមផលិតករកូរ៉េបានជំរុញឱ្យ NewJeans លុបចោលនូវការប្រកាសបញ្ចប់កិច្ចសន្យានិងត្រលប់ទៅ ADOR ដូចដើម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូនេះ សមាគមផលិតករមាតិកាកម្សាន្តរបស់កូរ៉េបានជំរុញឱ្យក្រុម NewJeans ពិចារណាឡើងវិញនូវគោលជំហររបស់ពួកគេដោយបានស្នើសុំឱ្យក្រុមចម្រៀងនេះដកការទាមទារដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ខ្លួន ហើយត្រឡប់ទៅជម្រកដើមវិញដើម្បីបន្តសកម្មភាពធម្មតា។
សមាគមបន្ថែមទៀតថា ប្រសិនបើ NewJeans បានបន្តសកម្មភាពជាតារាឯករាជ្យក្នុងស្រុក ឬក្រៅប្រទេស ពួកគេត្រូវតែបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ហើយត្រូវចូលរួមចរចាជាមួយ ADOR។
សូមរំឭកថា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា NewJeans បានធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ ADOR ដោយលើកឡើងពីការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ ADOR។ ទោះយ៉ាងណា ភាគី ADOR បានប្រឆាំងនឹងការទាមទារនេះដោយបានដាក់ពាក្យបណ្ដឹងទៅតុលាការ នៅថ្ងៃទី ៣ ខែធ្នូ ដើម្បីបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យា។
សារព័ត៌មានកូរ៉េ Chosun បានឱ្យដឹងថាក្នុងករណីតុលាការរកឃើញថា ADOR គ្មានកំហុស NewJeans អាចប្រឈមនឹងការបង់ប្រាក់ពិន័យរហូតដល់ ៤២០ លានដុល្លារសម្រាប់ការបញ្ចប់កុងត្រាមុនកំណត់។
ជាការឆ្លើយតបនៅថ្ងៃទី៦ ខែធ្នូនេះ NewJeans ក៏បានបញ្ចេញសេចក្ដីថ្លែងការណ៍អះអាងថា ពួកគេបានប្រគល់ប្រាក់ចំណេញលើសការវិនិយោគទៅ ADOR និង HYBE រួចហើយ ប៉ុន្តែ HYBE នៅតែព្យាយាមជ្រៀតជ្រែកក្នុងទម្រង់ផ្សេងៗ រួមមានការបរិហារកេរ្តិ៍ និងការធ្វើទីផ្សារបំពាន ដើម្បីទម្លាក់តម្លៃពួកគេ ខណៈ ADOR បានអនុញ្ញាតឱ្យរឿងនេះកើតឡើងដដែលក្រោមការគ្រប់គ្រងថ្មី។
NewJeans ថាការបង្ខំឱ្យពួកគេធ្វើការប្រាំឆ្នាំទៀត បើទោះបីជាមានការបំពានទំនុកចិត្ត និងបំពានកិច្ចសន្យា មិនត្រឹមតែមិនសមហេតុផល ប៉ុន្តែក៏ជាទង្វើអមនុស្សធម៌ដូចគ្នា ៕
ប្រែសម្រួល៖ វ៉ាន់ថន