ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
សារព័ត៌មានឈានមុខផ្នែកតន្ត្រីរបស់អាមេរិក Billboard បានដាក់ឈ្មោះតារាចម្រៀង Beyoncé ជាតារាប៉ុបដ៏អស្ចារ្យបំផុតនៃសតវត្សទី ២១ ដោយសារតែឥទ្ធិពលដ៏ធំធេងរបស់នាងលើឧស្សាហកម្មតន្ត្រីក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក។
នៅក្នុងអត្ថបទរបស់ខ្លួន Billboard បានរៀបរាប់ថា Beyoncé បានផ្តួល Taylor Swift ដែលជាប់ចំណាត់ថ្នាក់ទី ២ នៅក្នុងបញ្ជី Greatest Pop Star of the 21st Century សម្រាប់ឥទ្ធិពលដែលនាងបានបង្កើតក្នុងឧស្សាហកម្មតន្ត្រី តាំងពីពេលចាប់ផ្ដើមអាជីពជាសមាជិកក្រុម Destiny's Child រហូតមកដល់ពេលនេះដែលមនុស្សជុំវិញពិភពលោកឱ្យរហស្សនាមនាងថា 'Queen B' Beyoncé។
Billboard រៀបរាប់បន្ថែមថា បើទោះបីជា Taylor Swift គឺជាតារាប៉ុបដែលជោគជ័យជាងគេលើតួលេខលក់អាល់ប៊ុម តួលេខស្ដាប់ចម្រៀង និងការលក់សំបុត្រតន្ត្រីទេសចរណ៍ក៏ដោយ ប៉ុន្តែឈ្មោះរបស់ Beyoncé គឺជាសិល្បករដែលក្រុមការីនិពន្ធរបស់ខ្លួនជ្រើសរើសឱ្យជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីដោយសារតែវិថីអាជីពរយៈពេល ២៥ឆ្នាំរបស់នាងគឺពោរពេញទៅដោយការអភិវឌ្ឍ និងមានឥទ្ធិពលខ្លាំងជាងគេទៅលើវិស័យតន្ត្រីប៉ុប។
មិនតែប៉ុណ្ណោះ បទចម្រៀងជាច្រើនរបស់ម្ចាស់បទ “Run the World” បានក្លាយជាបទពេញនិយមដែលមនុស្សទូទាំងពិភពលោកស្គាល់ ហើយអាល់ប៊ុមរបស់នាងបានទទួលជោគជ័យយ៉ាងខ្លាំង ទាំងផ្នែកពានរង្វាន់ និងចំណាត់ថ្នាក់លើតារាង Billboard។
ក្រៅពីលេខ១ និងលេខ២ បានទៅ Beyoncé និង Taylor Swift ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីនេះបានទៅតារាចម្រៀង និងសហគ្រិនស្រីដ៏ល្បី Rihanna ចំណែកលេខ ៤ បានទៅតារារ៉េប Drake លេខ ៥ បានទៅ Lady Gaga លេខ ៦ បានលើ Britney Spears លេខ ៧ បានលើ Kanye West លេខ ៨ បានលើ Justin Bieber លេខ ៩ បានលើ Ariana Grande (អារីអាណា ក្រេនដេ) និងលេខ ១០ បានលើ Adele (អាឌេល) ៕
ប្រែសម្រួល៖ វ៉ាន់ថន