ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
កាលពីសប្តាហ៍មុន ក្រុមឧទ្ទាមស៊ីរីបានវាយដណ្តើមកាន់កាប់ទីក្រុងអាឡិបប៉ូប្រទេសស៊ីរីដែលបានចាប់ផ្តើមឡើងដោយក្រុមហាយ៉ាតតារៀអាល់សេម (Hayat Tahrir al-Sham) ដែលគេធ្លាប់ហៅថាក្រុម រណសិរ្សនូស្ត្រា (Nusra) ដែលជាបណ្ដាញផ្លូវការរបស់ក្រុមអាល់កៃដានៅក្នុងប្រទេសស៊ីរីរហូតដល់ឆ្នាំ២០១៦។
កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិបានបើកកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយចំពោះការប្រយុទ្ធគ្នាដែលចេះតែកើនឡើងនៅប្រទេសស៊ីរីនេះ។ ក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតរងរបស់អាម៉េរិកប្រចាំអង្គការសហប្រជាជាតិលោក រ៉ូប៊ឺត វូដ បានអំពាវនាវឱ្យបន្ថយការប្រយុទ្ធគ្នានៅប្រទេសស៊ីរី និងការពារជនស៊ីវិល ហើយលោកក៏បានចោទកងកម្លាំងប្រធានាធិបតីស៊ីរីលោក អាសា អាល់អាសាដ និងរុស្ស៊ីថាជាអ្នកបង្កឱ្យជនស៊ីវិលស្លាប់នៅក្នុងការវាយប្រហារលើសាលារៀន និងមន្ទីរពេទ្យ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក វ៉ាស៊ីលី នេបិនហ្សៀ (Vassily Nebenzia) បានឆ្លើយតបវិញថា អាម៉េរិកមិនអាចចេះតែចោទប្រកាន់ ឬថ្កោលទោសចំពោះការវាយប្រហារភេរវកម្មលើជនស៊ីវិលនៅតាមទីក្រុងនៅប្រទេសស៊ីរីបានឡើយ។
លោកបាននិយាយថា គ្មានការបំភ្លឺណាមួយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវនិយមអន្តរជាតិដោយស្មោះស្ម័គ្រនោះឡើយ។ សូមរំលឹកថា មកដល់ពេលនេះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ ឬរបួសនៅក្នុងការប្រយុទ្ធគ្នានេះនៅឡើយទេ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន