ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤

បក្សជំទាស់នៅកូរ៉េខាងត្បូងអំពាវនាវឱ្យលោក យុន ចេញពីតំណែងក្រោយពីបានដកច្បាប់អាជ្ញាសឹក

 

 


សមាជិកសភានៃគណបក្សប្រជាធិបតេយ្យដែលជាបក្សជំទាស់ដ៏សំខាន់នៅកូរ៉េខាងត្បូងបានអំពាវនាវនៅថ្ងៃពុធនេះសុំឱ្យប្រធានាធិបតីលោក យុន ស៊ុកយុល ចុះចេញពីតំណែងបើមិនដូច្នេះទេលោកនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ទោសនៅក្នុងសភាជាមិនខានពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកជាលើកដំបូងនៅក្នុងប្រទេសនេះចាប់តាំងពីឆ្នាំ១៩៨០។

 

 

លោក ប៉ាក ឆាន់ដេ (Park Chan-dae) មេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យបាននិយាយនៅថ្ងៃនេះថា ទោះជាលោក យុន បានដកច្បាប់អាជ្ញាសឹកចេញវិញហើយក៏ដោយ ក៏លោកមិនអាចរួចការចោទប្រកាន់ទោសពីបទបទក្បត់ជាតិបានដែរ។ លោក ប៉ាក បានបន្ថែមថា ទង្វើនេះបានបង្ហាញយ៉ាងច្បាស់ដល់ប្រជាជាតិទាំងមូលថា លោក យុន មិនអាចគ្រប់គ្រងប្រទេសនេះបានតទៅទៀតឡើយ ដូច្នេះហើយលោកគួរតែចុះចេញពីតំណែង។

 

 

លោក យុន បានបដិសេធចំពោះការទាមទារនេះជាសាធារណៈ ប៉ុន្តែការិយាល័យរបស់លោកបាននិយាយថា ក្រុមទីប្រឹក្សាប្រធានាធិបតីជាន់ខ្ពស់ និងលេខារបស់លោក យុន បានស្នើឱ្យលាលែងពីតំណែងជាសមូហភាព ហើយលោក យុន ក៏បានលុបចោលកាលវិភាគផ្លូវការសម្រាប់ព្រឹកថ្ងៃពុធនេះដែរ។

 

សូមរំលឹកថា បើតាមលោក យុន បានឱ្យដឹងថា មូលហេតុដែលលោកបានប្រកាសច្បាប់អាជ្ញាសឹកនេះគឺដើម្បីការពារប្រទេសពីកងកម្លាំងរបស់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ និងកងកម្លាំងប្រឆាំងរដ្ឋកូរ៉េខាងត្បូងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង ប៉ុន្តែលោកមិនបានបញ្ជាក់ពីការគំរាមកំហែងជាក់លាក់ណាមួយឡើយ៕
 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024