ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

រួចផុតពីសេចក្តីស្លាប់ អេង វ៉ាណង ចាប់ផ្តើមដាក់គោលដៅថ្មីឱ្យជីវិតកាន់តែមានភាពប្រសើរឡើងវិញ

២៨ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

ចំណាយពេលសម្រាកព្យាបាលប្រមាណ ១ឆ្នាំ ទីបំផុតតារាសម្តែងស្រី អេង វ៉ាណង ជាសះស្បើយពីជំងឺមហារីកសុដន់ដំណាក់កាលទី៣ ដ៏កាចសាហាវ និងបានត្រឡប់មកបម្រើវិស័យសិល្បៈវិញ ថែមទាំងបានដាក់គោលដៅជីវិតថ្មីឱ្យខ្លួនឯងទៀតផង។

 

 

នេះជាការលើកឡើងរបស់តារាសម្តែង អេង វ៉ាណង ក្រោយជាសះស្បើយពីជំងឺមហារីកសុដន់ដំណាក់កាលទី៣ ដែលធ្វើឱ្យនាងស្ទើរតែបាត់បង់អ្វីៗគ្រប់យ៉ាង សូម្បីតែជីវិតរបស់នាង។ យ៉ាងណាមិញ ក្រោយភ្លៀងមេឃស្រឡះ ពេលនេះជីវិតរបស់នាងហាក់មានពន្លឺឡើងវិញ និងបានចាប់ផ្តើមទទួលការងារសិល្បៈឡើងវិញហើយ។

 

 

ផ្តល់កិច្ចសម្ភាសន៍ក្នុងពិធីបើកមហោស្រជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅ តារាសម្តែងរូបនេះបាន ឱ្យដឹងថា នាងបានដាក់គោលដៅជីវិតថ្មីឱ្យជីវិតខ្លួនឯង ដើម្បីឱ្យជីវិតមានភាពប្រសើរឡើងជាងមុន។

 

 

ម៉្យាង ក្នុងនាមជាអ្នកសិល្បៈនាងក៏ចង់បន្សល់ទុកស្នាដៃខ្លះសម្រាប់អ្នកជំនាន់ក្រោយផងដែរ។ ក្រោយជាសះស្បើយពីជំងឺមហារីកដ៏កាចសាហាវនេះ វ៉ាណង មានគោលដៅធំមួយ ដោយគ្រោងចង់ដឹកនាំផលិតរឿងមួយដោយខ្លួនឯង។

 

 

ស្របជាមួយគ្នានោះផងដែរ តារាសម្តែងពោរពេញដោយបទពិសោធន៍រូបនេះ នឹងបង្ហាញខ្លួនក្នុងរឿងភាគខ្នាតធំចំនួន ៣ រួមមាន៖ «កំលោះ 4G រាជនី 79» «ប្រហុកស្រែស្នេហ៍ខ្ញុំ វគ្គ២» និងរឿង «ប្តីខ្ញុំជូនឱ្យនាង» ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

 

 

ឆ្លៀតឱកាសនេះ អេង វ៉ណង គ្មានអ្វីក្រៅពីម្រាមដៃដប់អរគុណទៅកាន់ពុកម៉ែបងប្អូន ប្រជាជនកម្ពុជា អ្នកគាំទ្រ មិត្តភ័ក្តិអ្នកសិល្បៈ និងក្រុមគ្រួសារដែលបានលើកទឹកចិត្តនាងឱ្យឆ្លងកាត់ការព្យាបាលជំងឺមហារីកសុដន់ដំណាក់កាលទី៣ ដោយជោគជ័យ ទើបនាងអាចឆ្លងកាត់ទ្វារមជ្ជរាជមកឈរនៅទីនេះ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនបន្តទៀត៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងភីអិនអិន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024