ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

វៀតណាម ត្រូវការទុនវិនិយោគ ១១ពាន់លានដុល្លារអាមេរិក សម្រាប់វិស័យរថយន្តអគ្គិសនី

២៨ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

 

ធនាគារពិភពលោក បានបញ្ជាក់ថា ទុនវិនិយោគ ១១ពាន់លានដុល្លារអាមេរិក សម្រាប់វិស័យរថយន្តអគ្គិសនី គឺជួយមួយចំណែកឱ្យប្រទេសវៀតណាម សម្រេចបាននូវគោលដៅរបស់ខ្លួន ដែលចង់បាន យានជំនិះក្នុងទីក្រុងដំណើរការដោយអគ្គិសនី ឬថាមពលបៃតងដល់ទៅ ៥០%។

 


ប្រទេសវៀតណាម ក៏កំណត់គោលដៅបង្កើនចំណែកនៃយានជំនិះតាមផ្លូវថ្នល់ទាំងអស់ ដែលដំណើរការដោយអគ្គិសនី ឬថាមពលបៃតងដល់ ១០០% នៅឆ្នាំ ២០៥០។
អ្នកឯកទេសផ្នែកដឹកជញ្ជូនប្រកបដោយនិរន្តរភាពនៃធនាគារពិភពលោក បានប៉ាន់ប្រមាណថា ប្រទេសវៀតណាមនឹងត្រូវការម៉ូតូអគ្គិសនីចំនួន ១២លានគ្រឿង និងរថយន្តអគ្គិសនីចំនួន ៤លានគ្រឿងនៅចន្លោះឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៥ ។

 


នៅចន្លោះឆ្នាំ ២០៣៦ និង ២០៥០ នៅពេលដែលវៀតណាម កំណត់គោលដៅ ១០០% នៃការប្រើប្រាស់រថយន្តអគ្គិសនី ពេលនោះ តម្រូវការសម្រាប់រថយន្តអគ្គិសនី នឹងកើនឡើងដល់ ៥១លានគ្រឿង។

 


ដើម្បីពង្រីកបណ្តាញសាកថ្ម ប្រទេសវៀតណាម នឹងត្រូវការវិនិយោគ ២,២ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ កើនឡើងដល់ ៣២ពាន់លានដុល្លារនៅឆ្នាំ ២០៥០។គន្លឹះសំខាន់មួយទៀតគឺការផ្គត់ផ្គង់អគ្គិសនី ព្រោះថាសកម្មភាពបញ្ចូលភ្លើងរថយន្ត នឹងបង្កើនការប្រើប្រាស់អគ្គិសនី និងតម្រូវការខ្ពស់បំផុត ដល់កម្រិតខ្ពស់ជាងការព្យាករណ៍បច្ចុប្បន្ននៅ ក្នុងផែនការអភិវឌ្ឍន៍ថាមពលជាតិ។


ដូច្នេះមានន័យថា វៀតណាមនឹងត្រូវវិនិយោគរហូតដល់ ៩ពាន់លានដុល្លារក្នុងវិស័យថាមពលនៅឆ្នាំ ២០៣០ ហើយចាប់ពីឆ្នាំ ២០៣១ ដល់ឆ្នាំ ២០៥០ វានឹងត្រូវការការវិនិយោគប្រចាំឆ្នាំជាមធ្យម ចំនួន ១៤ពាន់លានដុល្លារ ដើម្បីផលិតអគ្គិសនីបន្ថែម និងពង្រីកបណ្តាញអគ្គិសនី លើសពីការប៉ាន់ស្មានរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្ន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024