ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

សម្ដេចបវរធិបតី សម្រេចឱ្យបង្កើតតំបន់ឧស្សាហកម្មស្វាយចន្ទី នៅខេត្តកំពង់ធំ

២៨ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យបង្កើតតំបន់ឧស្សាហកម្មស្វាយចន្ទី នៅខេត្តកំពង់ធំ ដើម្បីទាក់ទាញវិនិយោគិនក្រៅប្រទេស និងបង្កើតប្រភពចំណូលថ្មីដល់ប្រជាពលរដ្ឋ។ 

 

 

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចសម្រេចឱ្យបង្កើតតំបន់ឧស្សហកម្មស្វាយចន្ទី នៅខេត្តកំពង់ធំ ដើម្បីបង្កើតប្រភពចំណូលថ្មីដល់ប្រជាពលរដ្ឋ ដែលរស់នៅលើដីតំបន់៣ និងតំបន់ក្បែរនោះ ឈប់ធ្វើស្រែ ហើយងាកទៅធ្វើការនៅក្នុងតំបន់ឧស្សាហកម្មបង្កើតថ្មី។

 


សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រុញឲ្យអភិបាលរាជធានី-ខេត្ដទាំងអស់ ត្រូវធ្វើការលើការបង្កើតតំបន់សេដ្ឋកិច្ច និងឧស្សាហកម្ម នៅក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបង្កើតឱកាសការងារជូនដល់ប្រជាជន ខណៈការបង្កើតតំបន់ឧស្សហកម្មស្វាយចន្ទី នៅខេត្តកំពង់ធំនេះ គឺនៅតែជាដីរបស់រដ្ឋដដែល ដូចនេះមានន័យថា រដ្ឋចេញដី ឯកជនចេញគម្រោង គឺត្រូវធ្វើការរួមគ្នា។

 


បន្ថែមពីនេះ សម្ដេចបវរធិបតី បានស្នើឱ្យអ្នកដែលមានសិទ្ធធ្វើការនៅតំបន់២ សូមឱ្យគោរពក្រមប្រតិបត្តិ ព្រោះក្រោយពីកំណត់ព្រំដីនេះរួច ត្រូវកំណត់គោលការណ៍ លក្ខខណ្ឌនៃការប្រើប្រាស់ដីផងដែរ។ 

 


ទន្ទឹមនឹងនេះ អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក ស៊ុយ កុកធាន បានប្រាប់ក្រុមការងារសេដ្ឋកិច្ច បានឲ្យដឹងថា លោក សាទរចំពោះការលើកឡើងរបស់សម្តេចបវរធិបតី សម្រេចបង្កើតតំបន់ឧស្សហកម្មស្វាយចន្ទី នៅខេត្តកំពង់ធំ ពីព្រោះ លោកមើលឃើញថា ការបង្កើតកសិ-ឧស្សាហកម្មចន្ទីនៅកំពង់ធំ គឺមានលក្ខណៈពិសេស ជាងបណ្តាខេត្តផ្សេងៗ ដែលដំណើរការដោយឯកជន។

 

 

តាមរយៈការបង្កើតតំបន់ឧស្សាហកម្មនេះ គឺជាចំណុចចាប់ផ្តើមមួយដ៏ល្អដែលអាចទាក់ទាញវិនិយោគិន និងបង្កើនការងារច្រើនកន្លែងសម្រាប់ប្រជាជននៅក្នុងខេត្តកំពង់ធំ។

 


គួរជម្រាបថា ដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ជាដំណាំមានសក្តានុពលមួយ មានរសជាតិឆ្ងាញ់ និងមានតម្រូវការទីផ្សារខ្ពស់។ ស្វាយចន្ទីជាដំណាំឧស្សាហកម្ម ដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ន ស្វាយចន្ទី ជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ខណៈមួយឆ្នាំៗ ទិន្នផលប្រមូលផលបានប្រមាណ ១៦ម៉ឺនតោន បាននាំចេញទៅកាន់ទីផ្សារទាំងក្នុង និងក្រៅប្រទេស៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024