ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ខណៈពេលដែលកញ្ញា ដេត ស្រីនាថ ធ្វើពហិការមិនចូលរួមប្រកួត Miss Planet International 2024 ល្ងាចនេះ អ្នកដឹកនាំកម្មវិធី Miss Planet International មិនខ្វល់ពីរឿងនេះឡើយ ដោយ Miss Planet Cambodia បានជ្រើសរើសបេក្ខភាពថ្មីជំនួសនាងដើម្បីចូលរួមប្រកួតវិញ ។ វគ្គផ្តាច់ព្រ័ត្រ បវរកញ្ញាភពផែនដីអន្តរជាតិ ឬ Miss Planet International 2024 នឹងរៀបចំឡើងនៅល្ងាចនេះហើយនៅសាលមហោស្រពកោះពេជ្រ ដែលមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ មានបេក្ខភាពមកពីជុំវិញពិភពលោកប្រមាណជិត ៧០ប្រទេសចូលរួមប្រកួត ។
អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះគឺកៀកដល់ម៉ោងជិតប្រកួតហើយ ស្រាប់តែ កញ្ញា ដេត ស្រីនាថ បានបង្ហោះសារថា នាងសម្រេចចិត្តធ្វើពហិការមិនចូលរួមប្រកួត Miss Planet International 2024 ល្ងាចនេះទេ ។
ចំពោះរឿងនេះអ្នករៀបចំកម្មវិធី Miss Planet Cambodia បានប្រកាសជាសាធារណៈថា « កញ្ញា ខន សុវណ្ណសុនីតា លំដាប់រងទី ១ នឹងបន្តការប្រកួតតំណាងឱ្យប្រទេស កម្ពុជា ក្នុងនាមជាបវរកញ្ញាភពផែនដីឆ្នាំ ២០២៤ ដោយសារកញ្ញា ដេត ស្រីនាថ មានបញ្ហាសុខភាព នៅគេងមន្ទីរពេទ្យមិនអាចចូលរួមប្រកួតបាន » ។
សម្រាប់អ្នកគ្រប់គ្រងស្ថាប័ន Miss Planet Interrnational លោកស្រី ហាលី អាមីន បានបញ្ជាក់ប្រាប់ថា បើទោះបីជាកញ្ញា ដេត ស្រីនាថ បោះបង់ការប្រកួត ក៏ពុំមានអ្វីមករាំងស្ទាំកម្មវិធីដែរ ការប្រកួតនៅតែបន្តធ្វើដូចដើម ពីព្រោះមានបេក្ខភាពបវរកញ្ញាមកពីបណ្តាលប្រទេសជុំវិញពិភពលោកជិត ៧០ ប្រទេស បានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតប្រជែងយកមកុដ ។
លោកស្រីមិនខ្វល់ពីការសុំដកខ្លួនពីការប្រកួតរបស់កញ្ញា ដេត ស្រីនាថ ឡើយ ពីព្រោះមានតំណាងបេក្ខភាព កម្ពុជា ផ្សេងទៀតបានបញ្ជូនឈ្មោះមកចូលរួមប្រកួតហើយ ។
ជុំវិញនេះការដកខ្លួនរបស់កញ្ញា ដេត ស្រីនាថ លើកនេះធ្វើឱ្យមហាជនមានការខកចិត្តខ្លាំងចំពោះនាង បើតាមប្រភពព័ត៌មានពីអ្នកនៅក្នុងវិស័យបវរកញ្ញាបានបង្ហើបប្រាប់ថា កញ្ញា ដេត ស្រីនាថ ដកខ្លួនក្នុងពេលវេលាសំខាន់នេះដោយសារតែនាងខ្លាចមិនបានតំណែងសំខាន់ណាមួយពីការប្រកួតនេះ ។ នេះជាលើកទី ២ ហើយដែលកញ្ញា ដេត ស្រីនាថ បានបោះបង់ឱកាសល្អរបស់ខ្លួនចោលក្នុងវិស័យបវរកញ្ញា ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត