ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
សមត្ថភាព ទេពកោសល្យ និងភាពក្លាហាន ធ្វើឱ្យកុមារីវ័យ១២ឆ្នាំ ស្ងួន កវី ម៉ូនីកា ឈ្នះមកុដ Miss Pre Teen Cambodia 2024 ក្លាយជាអ្នកស្នងតំណែងពីយុវតី ជូរី ល្អហួស ដើម្បីត្រៀមតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ។
ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខភាពជើងខ្លាំងជាច្រើនរូប ទីបំផុតយើងបានរកឃើញអ្នកស្នងតំណែងបន្តពីយុវតី ជូរី ល្អហួស ហើយ គឺបានទៅលើកុមារីវ័យ១២ឆ្នាំ ស្ងួន កវី ម៉ូនីកា ។
ក្រោយឈ្នះមកុដ Miss Pre Teen Cambodia បវរកញ្ញាវ័យក្មេងពេញដោយសមត្ថភាព ស្ងួន កវី ម៉ូនីកា នឹងត្រូវតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Miss Preteen Junior Idol World 2025 ដើម្បីដណ្តើមមកុដអន្តរជាតិដែលបច្ចុប្បន្ន ល្អហួស ជាម្ចាស់មកុដ។
ម្ចាស់មកុដរូបនេះ បានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង ដែលបានឈ្នះមកុដ Miss Pre Teen Cambodia 2024 តាមបំណងប្រាថ្នា។ នេះជាភាពជោគជ័យដ៏ធំធេងក្នុងជីវិតរបស់នាង ដែលកើតចេញពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងចិត្តរហូតអាចទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើនក្នុងការប្រកួតដ៏អស្ចារ្យនេះ។
ស្ងួន កវី ម៉ូនីកា ប្តេជ្ញាបំពេញតួនាទីជាម្ចាស់មកុដ ឱ្យបានល្អបំផុត ឱ្យស័ក្កសមជាអ្នកស្នងតំណែងពី ជូរី ល្អហួស ដែលល្បីសុះសាយទូទាំងប្រទេស។ ចាប់ពីពេលនេះ ម៉ូនីកា នឹងហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លាជាងមុន ទាំងការដើរ Catwalk ការប្រើប្រាស់ភាសា និងការរៀបចំខ្លួន ដើម្បីត្រៀមតំណាងកម្ពុជាទៅប្រកួតលើវេទិកាអន្តរជាតិ ដែលរៀបចំឡើងននាពេលឆាប់ៗខាងមុខនេះ។
គួររំឮកផងដែរថា នេះជាលើកទី២ ដែលម៉ូដែលសម្បុរទឹកឃ្មុំ ស្ងួន កវី ម៉ូនីកា ចូលរួមប្រកួតកម្មវិធីបវរកញ្ញាវ័យក្មេង ដោយឆ្នាំមុននាងបានដាក់ពាក្យប្រកួត Little Miss Cambodia ប៉ុន្តែឆ្នាំនេះ បែរជាដាក់ពាក្យប្រកួត Miss Pre Teen Cambodia 2024 ហើយជាលទ្ធផលគឺនាងបានក្លាយជាម្ចាស់ជយលាភី តែម្តង។
ស្ងួន កវី ម៉ូនីកា អាយុ១២ឆ្នាំ កម្ពស់ 1.60cm សព្វថ្ងៃជាសិស្សថ្នាក់ទី៦ នៅសាលាប៊ែលធីអន្តរជាតិ សាខាស្ទឹងមានជ័យ។ មុនក្លាយជាម្ចាស់មកុដ កញ្ញាធ្លាប់ចូលរួមដើរបង្ហាញម៉ូដកម្មវិធី fashion show តូច-ធំជាច្រើន និងធ្លាប់ស្ម័គ្រចិត្តចូលរួមដើរម៉ូដក្នុងព្រឹត្តិការណ៍ជាតិធំៗ រួមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត ជាហេតុធ្វើឱ្យនាងមានបទពិសោធន៍ច្រើនទាំងវ័យក្មេង។
គួរឱ្យចាប់អារម្មណ៍ ក្រៅពីការដើរម៉ូដយ៉ាងស្ទាត់ជំនាញ ម៉ូនីកា ក៏ចេះរាំរបាំបុរាណផងដែរ។ គេជឿជាក់ថា ក្រោយឈ្នះមកុដនេះរួច ម៉ូនីកា អាចនឹងទទួលបានឱកាសការងារផ្សេងៗនាពេលខាងមុខស។ តួយ៉ាង ដូចជាការថតភាពយន្ត ការធ្វើពិធីការនី និងឱកាសចេញទៅចូលរួមកម្មវិធីអន្តរជាតិនានាថែមទៀតផង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក