ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

« កុំស្លាប់ »  ស្នាដៃថ្មីរបស់ផលិតករ ហ៊ុយ យ៉ាឡេង មានចំណុចពិសេសជាច្រើនកំពុងទាក់ទាញអារម្មណ៍អ្នកទស្សនាមុនចាក់បញ្ចាំងផ្លូវការ ! 

១៨ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

« កុំស្លាប់ » ស្នាដៃថ្មីរបស់ផលិតករលោក ហ៊ុយ យ៉ាឡេង ដែលប្រជុំដោយសិល្បករវ័យក្មេងជាច្រើនរូបបានចេញជាផ្លែផ្កាហើយ នឹងត្រៀមចាក់បញ្ចាំងជូនទស្សនិកជនទស្សនានៅក្នុងខែ ធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ។ 

 

 

ក្រោយចំណាយពេលវេលាផលិតអស់ពេលជាងកន្លះឆ្នាំពេលនេះសមិទ្ធិផលថ្មីរបស់ផលិតករ ហ៊ុយ យ៉ាឡេង បានចេញជាផ្លែផ្កាហើយ និងត្រៀមដាក់បញ្ចាំងក្នុងពេលឆាប់ៗ ប៉ុន្តែសម្រាប់រឿង « កុំស្លាប់ » នេះ គឺពុំមានវត្តមានលោក ហ៊ុយ យ៉ាឡេង ចូលរួមសម្តែងដូចរឿងមុនៗរបស់ខ្លួនឡើយ ផ្ទុយទៅវិញគឺលោកបានផ្តល់ឱកាសដល់សិល្បករវ័យក្មេងជាច្រើនរូបចូលរួមសម្តែងក្នុងរឿងនេះ ។

 


« កុំស្លាប់ » គឺជាស្នាដៃថ្មីរបស់ផលិតករល្បីឈ្មោះរូបនេះ ដែលបានបើកកាមេរ៉ាថត និងផលិតតាំងពីមុនអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះ ពេលនេះបានចេញជារូបរាងហើយ ដោយត្រៀនឹងដាក់បញ្ជាំងជាផ្លូវការនៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៤ ខាងមុខនៅគ្រប់រោងភាពយន្ត ។ 

 

 

លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានឱ្យដឹងថា « កុំស្លាប់ » គឺជាភាពយន្តមួយដែលនិយាយពីយុវវ័យជាច្រើនដែលតែងតែគិតខ្លី លេបថ្នាំសម្លាប់ខ្លួន និងលោតទឹក ជាដើម... ហើយភាពយន្តនេះនឹងស្រាយចម្ងល់ថា តើហេតុអ្វីយុវវ័យទាំងនោះជ្រើសរើសយកវិធីអទឃាតខ្លួនឯងបែបនេះ ? តើនៅពីក្រោយរឿងនោះបណ្តាលមកពីមូលហេតុអ្វី ? 

 

 

តាមពិតរឿង « កុំស្លាប់ » គឺផលិតករលោក ហ៊ុយ យ៉ាឡេង បានដកស្រង់ចេញពីជីវិតពិតកាលពីលោកនៅយុវវ័យផងដែរ មិត្តលោកបានជ្រើសរើសការលេបថ្នាំសម្លាប់ខ្លួនកាលពីនៅរៀនថ្នាក់ទី ១២ និងរឿងពិតរបស់លោកផងដែរដែលធ្លាប់គិតខ្លីចង់សម្លាប់ខ្លួនលោតពីលើស្ពាន និងចង់លោតចូលភ្លើងជាដើម ។ ប៉ុន្តែនៅពេលដែលទស្សនិកជនទស្សនារឿងនេះហើយ គឺអាចរកវិធីដោះស្រាយ និងអាចគេចចេញពីស្រមោចបីសាចនេះបាន ។ 

 

 

« កុំស្លាប់ » ប្រជុំដោយសិល្បករវ័យក្មេងជាច្រើនរូបដូចជា ដូចជាលោក ធីប , ទ្រី តារាវុទ្ធ និងតារាវ័យក្មេងជាច្រើនដួងទៀត ។   លោក ហ៊ុយ យ៉ាឡេង ថែមទាំងមានគម្រោងយករឿង « កុំស្លាប់ » ទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិ ដូចជាស្នាដៃមុនៗរបស់លោកផងដែរ ដូច្នេះហើយទើបលោកប្រឹងប្រែងផលិត និងធ្វើយ៉ាងណាឱ្យរឿងនេះ ផ្ទុះ និងមានគុណភាពល្អ ។ កុំភ្លេងរងចាំទស្សនារឿង « កុំស្លាប់ » ដែលជាស្នាដៃថ្មីរបស់លោក ហ៊ុយ យ៉ាឡេង ទាំងអស់គ្នា ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ភីអិនអិន និងផ្តល់ឱ្យ  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024