ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ប្រធានសមាគមត្រចៀកកាំខ្មែរ បានលើកឡើងថា ការចិញ្ចឹមត្រចៀកកាំយកសំបុកនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដោយសារសំបុកបក្សីប្រភេទនេះ មានតម្លៃខ្ពស់ និងពេញនិយមពីសំណាក់អ្នកបរិភោគស្ទើរជុំវិញពិភពលោក។ការសាងសង់ផ្ទះត្រចៀកកាំ និងការលក់សំបុកត្រចៀកកាំ មានកំណើនគួរឱ្យកត់សម្គាល់ ខណៈដែលសំបុកត្រចៀកកាំ ជាប្រភេទអាហារដែលមានតម្លៃថ្លៃ និងមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព។ មូលហេតុនេះហើយ បានធ្វើឱ្យតម្រូវការប្រើប្រាស់នៃសំបុកត្រចៀកកាំ មានការកើនឡើងជាបន្តបន្ទាប់ទាំងទីផ្សារក្នុងស្រុក និងទីផ្សារក្រៅស្រុក។
ប្រធានសមាគមត្រចៀកកាំខ្មែរ លោក ស៊ុយ កុកធាន បានឲ្យដឹងថា និន្នាការនៃការលក់សំបុកត្រចៀកកាំ មានកំណើនកើនឡើងតាមរយៈការលក់រាយ។ តាមការសិក្សាទៅលើការចិញ្ចឹម សំបុកត្រចៀកកាំដែលមិនទាន់កែច្នៃ បើទោះបីតម្លៃត្រចៀកកាំមានការចុះថោក យ៉ាងណាក្តី ក៏ម្ចាស់ត្រចៀកកាំមិនមានការខាតបង់នោះដែល ដោយហេតុតែ ការចំណាយប្រចាំខែមានលក្ខណៈទាបបំផុត សម្រាប់ឧស្សាហកម្ម ឬកសិកម្មចិញ្ចឹមសំបុកត្រចៀកកាំនេះ។ លើសពីនេះ ការចិញ្ចឹមសត្វត្រចៀកកាំ មិនត្រូវការចំណាយពេលវេលាច្រើនដូចការធ្វើអាជីវកម្មផ្សេងៗនោះទេ។ ចំណែកទីផ្សារសំបុកត្រចៀកកាំនៅកម្ពុជាលេខ១ មិនទាន់កែច្នៃតម្លៃមួយគីឡូក្រាម ៤០០-៤៥០ដុល្លារ សំបុកឆាកាជាង ៣០០ដុល្លារ សំបុកត្រចៀកកាំកែច្នៃរួចហើយ ប្រភេទលេខ១ តម្លៃ ១ពាន់២រយ ដុល្លារ ដល់ ១ពាន់៥រយ ដុល្លារ ទៅតាមកម្រិតគុណភាពរបស់វា។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានបន្ថែមថា កម្ពុជា បាននាំចេញសំបុកត្រចៀកកាំមិនទាន់កែច្នៃទៅទីផ្សារវៀតណាម និងថៃ។ លើសពីនេះ ប្រសិនជាកម្ពុជា អាចនាំចេញនៅទីផ្សារប្រទេសចិនដោយផ្ទាល់ ពិតណាស់ វាជាការបើកផ្លូវថ្មីមួយទៀត សម្រាប់ផលិតផលរបស់កម្ពុជា បន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់មួយនេះ បានអនុញ្ញាតឲ្យនាំចូលនូវផលិផលកសិកម្មមួយចំនួនរួចទៅហើយ ខណៈដែលសមាគមក៏បានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលគយចិន នៅខេត្តគ័ងហ្ស៊ី ទីក្រុង ណាននីង ប្រទេសចិនដើម្បីសម្របសម្រួលការនាំចេញសំបុកត្រចៀកកាំខ្មែរ នៅរង់ចំាតែរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជា សម្រេចជារួមចុងក្រោយតែប៉ុណ្ណោះ នៅឆ្នាំ២០២៥ ខាងមុខ សម្រាប់ការនាំចេញ។
តទៅនេះ សូមស្តាប់ការលើកឡើងពី លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ ស្វែងយល់ពីអត្ថប្រយោជន៍ ការនាំចេញ និងការរកទីផ្សារជូនដល់កសិករខ្មែរ ក្នុងការចិញ្ចឹមត្រចៀកកាំ ។ប្រធានសមាគមត្រចៀកកាំខ្មែរ រូបនេះ មានសង្ឃឹមថា ការនាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិន នឹងឈានដល់កិច្ចព្រមព្រៀងចុងក្រោយ នៅដំណាច់ឆ្នាំ ២០២៤។ ជាមួយគ្នានេះ សម្រាប់តម្លៃសំបុកត្រចៀកកាំខ្មែរ លក់នៅលើទីផ្សារចិនដែលកែច្នៃហើយ និងទទួលបានតម្លៃខ្ពស់ចាប់ពី ១៧០០ដុល្លារ ដល់ជាង ២ពាន់ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។ តាមការប៉ាន់ស្មាន កម្ពុជា ផលិតបានសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ ដែលផលិតផលទាំងនេះ ត្រូវបានកែច្នៃក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង ដែលមានអាជ្ញាបណ្ណនាំចេញទៅចិន។
ទន្ទឹមនឹងនេះ ផលិតកម្មសំបុកត្រចៀកកាំនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែ សក្ដានុពលសម្រាប់ការវិនិយោគបន្ត បច្ចុប្បន្នបានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ច្រើនលើសលប់។
ជុំវិញរឿងនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង «ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ចចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវតាមដានដោយយកចិត្តទុកដាក់ពិនិត្យជំងឺឆ្លងនានា នៃការចិញ្ចឹមត្រចៀកកាំនេះ ឱ្យបានជាប់លាប់ ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម ជាពិសេសជំរុញដល់ការនាំចេញកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវស្រាវជ្រាវ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំ នៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ ឱ្យមានភាពច្បាស់លាស់ មានភាពម្ចាស់ការ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងមានភាពងាយស្រួល ក្នុងការតាមដានតាមប្រព័ន្ធសម្រាប់បម្រើដល់ការនាំចេញ។
គួរជម្រាបថា បច្ចុប្បន្នកម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការចិញ្ចឹមសត្វត្រចៀកកាំ ខណៈមកទល់ពេលនេះ ការចិញ្ចឹមត្រចៀកកាំនៅកម្ពុជា អាចមានក្នុងរង្វង់ ៧ពាន់ខ្នងអគារ ឬផ្ទះ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំប្រមាណ ១០០តោន ក្នុង១ឆ្នាំ។ ការចិញ្ចឹមទៀតសោត អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា ហាក់មានសកម្មភាពផុសផុលកាន់តែច្រើននៅតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អ៊ិន អាត + ឯកសារ