ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ថៃ រំពឹងសម្រេចការនាំចេញអង្ករជាង ៦,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤

១៣ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មថៃ រំពឹងថា ការនាំចេញអង្ករនៅឆ្នាំនេះ នឹងកើនឡើងដល់ ៩លានតោន និងបង្កើតប្រាក់ចំណូលចំនួន ៦,៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះដោយសារព័ត៌មានក្នុងស្រុកថៃ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានថ្លែងថា ក្នុងឆ្នាំ ២០២៤នេះ ការនាំចេញអង្កររបស់ថៃ នឹងកើនឡើងដល់ ៩លានតោន បើគិតជាទឹកប្រាក់សរុបជាង ៦ពាន់ ៤រយលានដុល្លារអាមេរិក។

 


ជាក់ស្តែង ប្រទេសថៃ បាននាំចេញអង្ករចំនួន ៧លាន ៤សែនតោន រួចហើយ ក្នុងអំឡុងពេល ៩ខែ ឆ្នាំនេះ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ការនាំចេញអង្ករពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ រកចំណូលបានចំនួន ៤ពាន់ ៨រយលានដុល្លារ ខណៈតម្លៃនាំចេញអង្ករក្នុងរយៈពេល ៩ខែដំបូង បានកើនឡើង ៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


លើសពីនេះ ការបញ្ជាទិញ គឺទទួលបានបន្តពី ទីផ្សារធំៗ ដូចជាប្រទេសឥណ្ឌូនេស៊ី អ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក ហើយជាលទ្ធផល នាយកដ្ឋានពាណិជ្ជកម្មបរទេស និងសមាគមអ្នកនាំចេញអង្ករថៃ មានទំនុកចិត្តថា ការនាំចេញអង្ករនៅឆ្នាំនេះ នឹងឈានដល់ ៩លានតោន។

 


ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បានលើកឡើងថា ផលប៉ះពាល់នៃទឹកជំនន់មកលើ ផលិតកម្មស្រូវ មិនទាន់ច្បាស់នៅឡើយទេ ដោយលោកមានប្រសាសន៍ថា ដីស្រែសំខាន់ៗរបស់ប្រទេសថៃនៅភាគឦសាន គឺមិនរងផលប៉ះពាល់ដោយទឹកជំនន់នោះទេ ដូច្នេះប្រធានរូបនេះ រំពឹងថា ទិន្នផលស្រូវនៅឆ្នាំនេះ នឹងមានចំនួនប្រហែល ៣៤លានតោន ដែលខ្ពស់ជាងចំនួន ៣២លានតោន កាលពីឆ្នាំមុន ហើយការនាំចេញអាចនឹងសម្រេចទៅតាមគោលដៅ ៩លានតោន៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024