ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល គឺជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

១២ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

វិថីតេជោសន្តិភាពឆ្នេរអង្កោល គឺជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ក្នុងការតភ្ជាប់ប៉ូលទេសចរណ៍ក្រុងកែបចាស់ មកកាន់ប៉ូលទេសចរណ៍តំបន់អង្កោល ឆ្នេរមួយនេះក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ភ្ញៀវទេសចរក្នុងតំបន់ ជាពិសេសភ្ញៀវទេសចរដែលចូលចិត្តការធ្វើដំណើរកម្សាន្តទៅកាន់ទីកន្លែងដែលស្ងប់ស្ងាប់។នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បានលើកឡើងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នៅខេត្តកែបមានតម្លៃជាង ១០លានដុល្លារ គឺជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍។

 


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថា វិថីតេជោសន្តិភាពឆ្នេរអង្កោល បានបម្រើប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋប្រមាណ ៦ពាន់គ្រួសារ។ វិថីតេជោសន្តិភាពឆ្នេរអង្កោល គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់ទឹករបស់កែប ដែលបាននឹងកំពុងដើរតួនាទី ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ របស់ប្រជាពលរដ្ឋ ជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញការអភិវឌ្ឍន៍ផ្សេងៗនៅតាមតំបន់ឆ្នេរមាត់សមុទ្រទាំងមូល ឱ្យកាន់តែរីកចម្រើន និងល្អប្រសើរ។

 


លើសពីនេះ ថែមទាំងបានតភ្ជាប់ផ្ទៃក្នុងរបស់ខេត្តកែប ក៏ដូចជាតភ្ជាប់ទៅព្រំដែនជាមួយប្រទេសវៀតណាមផងដែរ។ទន្ទឹមនឹងនេះ វិថីតេជោសន្តិភាពឆ្នេរអង្កោល ក៏បាននិងកំពុងដើរតួនាទី ជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែប ឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។

 


វិថីតេជោសន្តិភាពឆ្នេរអង្កោល គឺជាខ្សែផ្លូវលាតសន្ធឹងប្របមាត់ឆ្នេរទេសចរណ៍នៃសមុទ្រ ខេត្តកែប ដែលតភ្ជាប់ពីក្រុងកែប ទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទ នៅក្នុងឃុំអង្កោល និងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង។ វិថីនេះ មានប្រវែងសរុបប្រមាណ ១២គីឡូម៉ែត្រ ស្ថិតនៅ ភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយ បរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។ 

 


សូមជម្រាបថា បើយោងតាមអភិបាលនៃគណ:អភិបាលខេត្តកែប បានឱ្យដឹងថា វិថីតេជោសន្តិភាពឆ្នេរអង្កោល មួយខ្សែនេះ ដែលបានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្ដើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុង ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុប ១០លានដុល្លារអាម៉េរិក ជាកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ញិល សុជា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024