ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
រដ្ឋមន្ត្រីក្រសួងផែនការ បានអះអាងថា ការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នឹងបង្កបញ្ហាប្រឈមមួយចំនួន តែវាក៏ជាឱកាសនៃការបើកផ្លូវថ្មី សម្រាប់កំណើនដ៏រឹងមាំ និងភាពធន់រយៈពេលវែង។
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាសន្ទនាគោលនយោបាយក្រោមប្រធានបទ "ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៖ ទស្សនៈវិស័យពហុភាគីសម្រាប់អន្តរការដោយរលូន និងយូរអង្វែង" ដែលរៀបចំដោយក្រសួងផែនការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការ មានប្រសាសន៍ថា ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច គឺជាការឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងជោគជ័យដ៏ធំធេងនៃអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលការចាកចេញនេះនឹងបង្កើតបាននូវរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការរីកចម្រើនឥតឈប់ឈររបស់ប្រទេសកម្ពុជា ដែលជាមោទនភាពជាតិដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ដើម្បីធានាបានថា ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច មិនក្លាយជាឧបសគ្គដល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថាន កម្ពុជាត្រូវអនុវត្តយុទ្ធសាស្ត្រទូលំទូលាយសម្រាប់អន្តរកាលប្រកបដោយចីរភាព ដែលទាមទារនូវការចូលរួមយ៉ាងសកម្មពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីរៀបចំយុទ្ធសាស្ត្រអន្តរការដោយរលូនឱ្យបានគ្រប់ជ្រុងជ្រោយ។
ក្នុងកម្មវិធីនោះ អ្នកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងយូអិនឌីភី ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់ប្រទេសកម្ពុជា (LDC) នាពេលប៉ុន្មានឆ្នាំខាងមុខនេះ គឺជាសមិទ្ធិផលដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ត្បិតវានឹងជួបនូវបញ្ហាប្រឈមមួយចំនួនដែលនឹងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវាក៏នាំមកនូវឱកាសសម្រាប់បើកផ្លូវថ្មីឆ្ពោះទៅរកកំណើនដ៏រឹងមាំ និងភាពធន់រយៈពេលវែង។
ទន្ទឹមនឹងនេះ អ្នកតំណាងយូអិនឌីភី ប្តេជ្ញាចិត្តរួមដំណើរជាមួយ នឹងប្រទេសកម្ពុជា តាមរយៈការគាំទ្រការពន្លឿនការអភិវឌ្ឍមនុស្ស ការលើកកម្ពស់ការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតង សម្រាប់កំណើនប្រកប ដោយភាពធន់ និងការផ្លាស់ប្តូរពីការទទួលជំនួយហិរញ្ញប្បទានទៅជាការកៀងគរហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលបានចែងនៅក្នុងឯកសារកម្មវិធីប្រចាំប្រទេសរបស់យូអិនឌីភី (២០២៤-២០២៨)។
សូមជម្រាបថា ផ្អែកលើវឌ្ឍនភាព ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) បានអនុម័តលើអនុសាសន៍របស់គណៈកម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP) សម្រាប់ប្រទេសកម្ពុជា ដើម្បីចាកចេញពីពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដោយមានរយៈពេលអន្តរកាលចំនួនប្រាំឆ្នាំ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រសួងផែនការ