ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៤៥ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៦% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគ្គនាយកដ្ឋានគយ បានបញ្ជាក់បន្ថែមថា កម្ពុជា សម្រេចបានការនាំចេញជាង ២១ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៦% ខណៈនៅពេលដូចគ្នា ឆ្នាំ ២០២៣ កម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ១៨ពាន់លានដុល្លារអាមេរិក។
ទាក់ទងនឹង ការនាំចូលមកវិញ កម្ពុជា បាននាំចូលទំនិញប្រមាណ ២៣ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៦% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចឱនភាពពាណិជ្ជកម្មប្រមាណ ១ពាន់ ៩រយលានដុល្លារអាមេរិក។
ដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា ខណៈទីផ្សារនាំចេញធំៗរួមមាន អាមេរិក ចិន វៀតណាម ជប៉ុន ថៃ និងកាណាដា។
អំឡុងពេលនេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ១ពាន់ ៤រយលានដុល្លារអាមេរិក ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅជាង ១០ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យ កម្ពុជា កើតនូវ ឱនភាពពាណិជ្ជកម្មជាង ៩ពាន់ ៥រយលានដុល្លារអាមេរិក។
ទីផ្សារសំខាន់មួយទៀតគឺ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិកជាង ៨ពាន់ ២រយលានដុល្លារអាមេរិក កើនឡើងប្រមាណ ១០% ធ្វើឱ្យ អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា អំឡុងពេលនេះ ហើយកម្ពុជា ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ២១៧លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ៨ពាន់លានដុល្លារអាមេរិក។
រីឯ វៀតណាម ឈរនៅលំដាប់លេខ ៣ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៦ពាន់ ៤រយលានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់វៀតណាមជាង ២ពាន់ ៩រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកជាង ៣ពាន់ ៤រយលានដុល្លារអាមេរិក។
ជាមួយគ្នានេះ មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។សូមជម្រាបថា ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៤៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានទំហំ ២២ពាន់លានដុល្លារ និងការនាំចូលមានទំហំជាង ២៤ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ