ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ថៃ រំពឹងទទួលបានភ្ញៀវទេសចរអឺរ៉ុប ៨លាននាក់ នៅឆ្នាំ ២០២៥

១២ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

ប្រទេសថៃ កំពុងកំណត់គោលដៅទទួលភ្ញៀវទេសចរអឺរ៉ុបចំនួន ៨លាននាក់ នៅឆ្នាំ ២០២៥ ខណៈដែលក្រសួងទេសចរណ៍ និងកីឡាថៃ សន្យាថា នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងជាមួយក្រុមហ៊ុនអាកាសចរណ៍ និងឯកអគ្គរដ្ឋទូត សម្រាប់ការបន្តជើងហោះហើរអន្តរជាតិឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។

 

 

នៅក្នុងពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ដ៏ធំបំផុតមួយស្តីពី ទីផ្សារទេសចរណ៍ពិភពលោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានមានប្រសាសន៍ថា អនាគតនៃវិស័យទេសចរណ៍ថៃ គឺមានភាពភ្លឺស្វាង ស្វាហាប់ និងពោរពេញដោយឱកាស។

 


បន្ទាប់ពីព្រឹត្តិការណ៍នេះ ក្រសួងទេសចរណ៍ថៃ នឹងអញ្ជើញឯកអគ្គរដ្ឋទូតបរទេសប្រចាំប្រទេសថៃ ដោយផ្តោតលើទីផ្សារធំៗដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា រួមជាមួយនឹងតំណាងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីពិភាក្សាអំពីជើងហោះហើរ និងការត្រៀមរៀបចំសម្រាប់ឆ្នាំ ២០២៥ ជាពិសេសក្នុងអំឡុងរដូវកាលសម្បូរភ្ញៀវ។


បើតាមអាជ្ញាធរទេសចរណ៍ថៃ នៅឆ្នាំនេះ ប្រទេសថៃ រំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរផ្លូវឆ្ងាយចំនួន ៩លាន ៦សែននាក់ រួមទាំងជាង ៧លាននាក់មកពីអឺរ៉ុប។
ជាចុងក្រោយ អាជ្ញាធរទេសចរណ៍ថៃ បានឱ្យដឹងថា ប្រទេសថៃ រំពឹងស្វាគមន៍អ្នកដំណើរអន្តរជាតិចំនួន ១០លាននាក់ ក្នុងត្រីមាសទី ៤ ដែលជាត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤ ដើម្បីសម្រេចបានតាមគោលដៅ ៣៦លាននាក់ ក្នុងឆ្នាំ ២០២៤នេះ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024