ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ពាណិជ្ជកម្មអន្តរជាតិរបស់មហាអំណាចចិន ឈានដល់ ៥ទ្រីលានដុល្លារ ក្នុងរយៈពេល ១០ខែ

១២ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤នេះ មហាអំណាចសេដ្ឋកិច្ចចិន សម្រេចបាននូវ ទំហំពាណិជ្ជកម្មអន្តរជាតិជាង ៥ទ្រីលានដុល្លារអាមេរិក កើនឡើង ៥% បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

ទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយចិន បានបង្ហាញថា ការនាំចេញរបស់ប្រទេសចិន បានកើនឡើង ៦% ដល់ជាង ២,៩ទ្រីលានដុល្លារអាមេរិក ក្នុងអំឡុងខែមករាដល់ ខែតុលា ខណៈដែលការនាំចូលបានកើនឡើង ៣% ដល់ ២,១ទ្រីលានដុល្លារអាមេរិក។

 


ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនីរបស់ចិន បានឈានដល់ ១,៧ទ្រីលានដុល្លារ កើនឡើង ៨% ហើយស្មើនឹង ៥៩% នៃការនាំចេញសរុបរបស់ចិន។
ទន្ទឹមគ្នានេះ ការនាំចូលផលិតផលមេកានិក និងអគ្គិសនី បានឈានដល់ជាង ៨០០ពាន់លានដុល្លារអាមេរិក កើនឡើង ៨% ជាពិសេសផ្នែកគ្រឿងបន្លាស់យន្តហោះ និងគ្រឿងបន្លាស់អេឡិចត្រូនិច កើនឡើងខ្ពស់ដូចគ្នា។

 


ប្រធាននាយកដ្ឋានវិភាគស្ថិតក្រោមអគ្គនាយកដ្ឋានគយចិន បានបញ្ជាក់ថា ក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះ ពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសចិន បានកើនឡើងជាលំដាប់ ដោយមានការពង្រីកជាបន្តបន្ទាប់ក្នុងទំហំ និងការបង្កើនប្រសិទ្ធភាពនៃរចនាសម្ព័ន្ធ ដែលធ្វើឱ្យ ចិន អាចសម្រេចបាននូវ គោលដៅកំណើនប្រចាំឆ្នាំ ប្រកបដោយស្ថិរភាពទាំងគុណភាព និងបរិមាណ។


សូមជម្រាបថា ការស្ទុះងើបឡើងវិញនៃតម្រូវការទីផ្សារខាងក្រៅ បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់ប្រទេសចិន ហើយពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយ ១៦០ប្រទេស និងតំបន់ជុំវិញពិភពលោក បានកើនឡើងក្នុងអំឡុងពេលនោះ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024