ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤នេះ ការនាំចេញស្រូវអង្កររបស់កម្ពុជា សម្រេចបានជាទឹកប្រាក់ប្រមាណជាង ១ពាន់ ៥រយលានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយ សហព័ន្ធស្រូវអង្ករកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១០ខែដំបូងនេះ កម្ពុជា រកចំណូលពីការនាំចេញស្រូវ និងអង្ករ សរុប ១ពាន់ ៥៦០លានដុល្លារអាមេរិក ដោយក្នុងនោះ ការនាំចេញអង្ករគ្រប់ប្រភេទ ៥០ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៥៧ប្រទេស និងតំបន់ និងរកចំណូលបាន ៣៧៦លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ កម្ពុជា បាននាំចេញស្រូវសរុបបានចំនួនជាង ៤លានតោន ដែលគិតជាទឹកប្រាក់មានចំនួនជាង ១ពាន់ ១៨៤លានដុល្លារអាមេរិក។ទីផ្សារអឺរ៉ុប ឈរជាទីផ្សារនាំមុខគេ សម្រាប់ការនាំចេញអង្ករររបស់កម្ពុជា ក្នុងអំឡុងពេលនេះ បើគិតជាទឹកប្រាក់សរុបជាង ១៩៦លានដុល្លារអាមេរិក ហើយបន្ទាប់ពីនោះ គឺ ៧ប្រទេសសមាជិកអាស៊ាន ជាអ្នកទិញអង្ករកម្ពុជា លំដាប់ទី ២ គិតជាទឹកប្រាក់ ៦៦លានដុល្លារអាមេរិក។
ដោយឡែក សម្រាប់អង្ករនាំចេញ គឺមានអង្ករក្រអូបគ្រប់ប្រភេទ នាំចេញបានចំនួន ៧៣% អង្ករ ស ចំនួន ២១% និងប្រភេទអង្ករផ្សេងៗប្រមាណ ៥%ទៀត។
សូមជម្រាបថា គិតត្រឹមមួយឆ្នាំពេញ ២០២៣ ការនាំចេញស្រូវអង្កររបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណជាង ១ពាន់ ៧រយលានដុល្លារអាមេរិក ក្នុងនោះការនាំចេញអង្ករសម្រេចបានជាង ៤៦៦លានដុល្លារ និងស្រូវ ជាង ១ពាន់ ៣រយលានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ