ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

សុភ័ក្រ្ត កុសុម៉ា ទម្លាយប្រវត្តិស្នេហ៍ ស្ទើរមិនគួរអោយជឿ មុននឹងដៃគូដណ្តឹងចូលរោងការដើមខែក្រោយនេះ

១៦ តុលា ២០២៤ | កម្សាន្ដ

 

 

តារាចម្រៀង និងជាពិធីការិនីក្រម៉េចក្រមើមកញ្ញា  សុភ័ក្រ្ត កុសុម៉ា បានទម្លាយពីប្រវត្តិស្នេហ៍របស់ខ្លួនដ៏មិនគួរអោយជឿ ខណៈនាងត្រៀមខ្លួនចូលរោងការនៅដើមខែ វិច្ឆិកា ខាងមុខនេះ ។

 

 

មុននឹងដឹកដៃគូដណ្តឹងចូលរោងការទៅតាមប្រពៃណី ខ្មែរ តារាចម្រៀង និងជាពិធីការិនី ក្រម៉េចក្រមើមកញ្ញា សុភ័ក្រ្ត កុសុម៉ា បានបង្ហើបប្រាប់ពីប្រវត្តិស្នេហ៍ខ្លួនឱ្យមហាជនបានដឹងច្បាស់នៅក្នុងពេលនេះ ដើម្បីបញ្ចប់មន្ទិលសង្ស័យទាំងអស់ ជាពិសេសពេលរៀបការរួច នាងនិងអនាគតស្វាមីសម្រេចចិត្តរស់នៅជុំគ្នានៅទីក្រុង ភ្នំពេញ ។

 


បើតាមគម្រោងមង្គលការរបស់តារាចម្រៀងនិងពិធីការិនីរូបនេះ នឹងរៀបចំឡើងនៅថ្ងៃទី ០៤ ខែ វិច្ឆិកា ខាងមុខនេះ ។ នាងបានត្រៀមរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងធំដុំ និងអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ជាក់ស្តែងតាំងពីបង្ហាញពីទំនាក់ទំនងស្នេហាជាផ្លូវការមក សុភ័ក្រ្ត កុសុម៉ា កាន់តែស្រស់ស្អាត និងសប្បាយចិត្ត ពេលនេះនាងកំពុងមមាញឹកនៅក្នុងការដើរចែកធៀបការ ។

 


ជាមួយគ្នានេះផងដែរកញ្ញាក៏បានទម្លាយពីប្រវត្តិស្នេហ៍ខ្លួន និងមូលហេតុដែលធ្វើសម្រេចចិត្តជ្រើសរើសបុរសរូបនេះធ្វើជាគូអនាគត ដោយនាងបាននិយាយថា « គេនិយាយគេធ្វើ » ។ ពាក្យមួយឃ្លានេះកាន់តែធ្វើឱ្យ សុភ័ក្រ្ត កុសុម៉ា កាន់តែស្រឡាញ់ និងពេញចិត្តខ្លាំងលើគូដណ្តឹងរបស់ខ្លួន រហូតសម្រេចចិត្តរៀបការ និងសាងសុភមង្គលជាមួយគ្នា ។

 

 

មង្គលការរបស់ សុភ័ក្រ្ត កុសុម៉ា នឹងរៀបចំឡើងនៅអគារ OCIC ជ្រោយចង្វា ទៅតាមប្រពៃណី ខ្មែរ ។ បន្ទាប់ពីរៀបការរួចនាងនិងអនាគតស្វាមី មានគម្រោងនឹងផែនការជាច្រើនរួមគ្នា ជាពិសេស គឺនាងសម្រេចចិត្តរស់នៅទីក្រុងភ្នំពេញ បើទោះបីជាអនាគតស្វាមីនាងជាអ្នកខេត្ត សៀមរាប ក្តី ។តារាចម្រៀង សុភ័ក្រ្ត កុសុម៉ា កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានថតរូប Pre Wedding នៅលើទឹកដីខេត្ត សៀមរាប ដោយនាងបានជ្រើសរើសការតុបតែងខ្លួនតាមទម្រង់ល្ខោនបាសាក់ នេះជាក្តីស្រមៃដែលនាងនិងអនាគតស្វាមី ស្រឡាញ់ និង ចង់ធ្វើរួមគ្នា ។ 

 

 

ពិធីការិនីល្បីឈ្មេាះខាងលើ បានបន្ថែមថា ដំបូងនាងមិនគិតថា មានទស្សនិកជនច្រើនចាប់អារម្មណ៍នោះទេ ប៉ុន្តែជាក់ស្តែងមានអ្នកគាំទ្រច្រើន នាងពិតជារំភើបចិត្តណាស់ ។ បន្ទាប់ពីរៀបការរួចនាង និងអនាគតស្វាមី មានគម្រោងនឹងផែនការងារជាច្រើនរួមគ្នា ជាពិសេសនាងមានពង្រើកក្រុមហ៊ុនរបស់ខ្លួនឱ្យកាន់តេធំជាងមុនដើម្បីរកប្រាក់ចំណូលឱ្យបានច្រើន មុននឹងយកកូនបង្កើនសមាជិកក្នុងគ្រួសារ ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024