ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ទោះបីជាពេលនេះតារាម៉ូដែលរូបស្រស់ យិន ពិដោរ និង ដ៉ារ៉ា វ៉ាន់ឌី មានការងារសិល្បៈពេញដៃយ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរចង់មានការងារដ៏សំខាន់មួយនេះ ដើម្បីមានឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង។
ក្រោយបានចូលរួមបំពេញការងារជាមួយគ្នាម្តងជាពីរដង តារាម៉ូដែល និងជាតារាសម្តែងរូបស្រស់ ២រូប គឺ កញ្ញា យិន ពិដោរ និង កញ្ញា ដ៉ារ៉ា វ៉ាន់ឌី ចង់មានឱកាសធ្វើជាទូតសុឆន្ទៈរបស់ Xiaomi ដូចគ្នា ព្រោះអ្នកទាំងពីរពេញចិត្តរបៀបនៃធ្វើការរបស់ក្រុមការងារ និងទំនើបកម្មដែលក្រុមហ៊ុននេះបានផ្តល់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។តារាម៉ូដែល និងជាបេក្ខភាព Miss Global Cambodia 2024 យិន ពិដោរ បានឱ្យដឹងថា នេះជាលើកទី២ ដែលកញ្ញាមានឱកាសរួមការងារគ្នា ហើយនាងពិតជាពេញចិត្តការងារនេះខ្លាំងណាស់ ។
បន្ថែមពីលើនោះ តារាសម្តែង វ៉ាន់ឌី ក៏បានលើកឡើងថា នាងជាសិល្បករម្នាក់ដែលចូលចិត្តការថតរូបបង្ហោះលើបណ្តាញសង្គម ដើម្បីបង្ហាញភាពស្រស់ស្អាត និងសកម្មភាពថ្មីៗរបស់ខ្លួនឯងឱ្យគ្រប់គ្នាបានឃើញ ពិសេសការថតរូបពេលយប់តែម្តង។ នាងពេញចិត្តសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលផ្តល់ភាពទំនើបស៊ីវិល័យដល់ការរស់នៅប្រចាំ ដូច្នេះប្រសិនបើនាងមានឱកាសក្លាយជាទូតសុឆន្ទៈមែននោះពិតជាល្អខ្លាំងមែនទែន។
តារាម៉ូដែលរូបស្រស់ ដ៉ារ៉ា វ៉ាន់ឌី ឱ្យដឹងទៀតថា សព្វថ្ងៃនាងមមាញឹកការងារសិល្បៈច្រើនគួរសម ទាំងការដើរម៉ូដ និងការថតភាពយន្ត រួមទាំងការចូលរួមសកម្មភាពសិល្បៈផ្សេងៗផងដែរ។ ប្រសិនមានឱកាសនាងក៏ចង់សាកល្បងចូលរួមប្រកួតកម្មវិធីបវរកញ្ញាដូចតារាម៉ូដែលផ្សេងៗផងដែរ តែឥឡូវសុំពេលពង្រឹងសមត្ថភាពជាមុនសិន ដើម្បីឱ្យការប្រកួតចេញល្អតែម្តង។
ក្រឡេកទៅមើល កញ្ញា យិន ពិដោរ ឯណោះវិញ ក៏មមាញឹកការងារសិល្បៈច្រើន តែក៏មិនបោះបង់ការប្រកួតដណ្តើមមកុដ Miss Global Cambodia 2024 នោះឡើយ ដោយនាងត្រៀមជាស្រេចសម្រាប់ការប្រកួតថ្នាក់ជាតិនេះ ទោះបីជាថ្មីៗនេះកើតមានរឿងចម្រូងចម្រាស់ផ្សេងៗពាក់ព័ន្ធវិស័យបវរកញ្ញាក៏ពិតមែន តែនាងនៅរក្សាជំហរក្នុងនាមជាបេក្ខភាព និងប្រតិបត្តិខ្លួនល្អបំផុតសម្រាប់ការប្រកួតយដ៏អស្ចារ្យនេះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច