ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ដេាះស្រាយជំងឺបាក់ទឹកចិត្តព្រេាះតែបញ្ហាបំណុលជាង ៤ឆ្នាំដោយជោគជ័យ ខាត់ សុឃីម និងស្វាមី ផ្ដើមមានទឹកចិត្តពង្រឹងមុខជំនួញឡើងវិញ!

១៦ តុលា ២០២៤ | កម្សាន្ដ

 

 

តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្រេចបំណងធំរបស់ខ្លួនបន្ទាប់ពីបោះជំហានថ្មីនៅក្នុងវិស័យរកស៊ីរយៈពេល៤ឆ្នាំ ក្រោយពីជីវិតធ្លាក់ដល់កម្រិតយ៉ាប់យឺន និងមានជំងឺបាក់ទឹកចិត្ត ដោយសាររឿងបំណុល  ។ អ្នកនាង ខាត់​ សុឃីម អាចឈរជើងបានដូចសព្វថ្ងៃនេះដោយសារតែបានស្វាមីនៅក្បែរលើកទឹកចិត្ត និងដោះស្រាយគ្រប់បញ្ហា ។ជាក់ស្តែងរយៈពេល ៤ ឆ្នាំមកនេះ នាងបានដោះខ្លួនចេញពីបំណុល និងបានរីកចម្រើនរហូតសម្ពោធក្រុមហ៊ុនធំរបស់ខ្លួនជាផ្លូវការ បន្ទាប់ពីបានចេញរកស៊ីអស់ពេល ៤ ឆ្នាំ ។

 

 


តារាចម្រៀងពហុជំនាញរូបនេះ និងស្វាមី បានរៀបចំពិធីសម្ពោធក្រុមហ៊ុន Mochy Cosmetics របស់ខ្លួនកាលពីថ្ងៃទី ១៥ ខែ តុលា នេះនៅទឹកដីបាសិទ្ធដែលជាស្រុកកំណើតរបស់នាង ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ក្នុងនោះដែរ អ្នកនាងក៏បានរំលឹកពីជីវិតរបស់ខ្លួនធ្លាក់ខ្លាំងកាលពីប៉ុន្មានឆ្នាំមុន រហូតដល់ជាប់បំណុលជុំទិស ស្ទើរតែងើបមុខមិនរួច មុននឹងខ្លួនទទួលបានជោគជ័យដូចសព្វថ្ងៃនេះ គឺនាងទទួលបានការជួយជ្រោមជ្រែងពីស្វាមីគ្រប់បែបយ៉ាង ។ 

 

 

សូម្បីតែលោក អ៊ិន សុបញ្ញា ដែលត្រូវជាស្វាមីរបស់អ្នកនាងក៏បានបង្ហាញពីការតស៊ូរវាងខ្លួននឹងភរិយាផងដែរ ។ទន្ទឹមនិងការពង្រីកមុខជំនួញថ្មីនេះ អ្នកនាង ប្រកាសនូវផលិតផលថ្មីដែលក្រុមហ៊ុនរបស់ខ្លួនទើបតែនាំចូលនេះ។ អ្នកនាង ខាត់ សុឃីម ក៏បានប្តេជ្ញាចិត្ត ប្រឹងប្រែងធ្វើការងាររកស៊ីរបស់ខ្លួនឱ្យកាន់តែជោគជ័យ និង យកប្រាក់ចំណេញដែលខ្លួនរកបាន ជួយសិល្បករចាស់ជរា និង ជួយការងារសង្គម ។

 


ទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកនាង ខាត់​ សុឃីម ពិតជាទទួលបានការសរសើរច្រើនពីមហាជន អ្នកនាង ខាត់ សុឃីម និង ស្វាមី មានគម្រោងរកស៊ីជាច្រើនទៀតដែលត្រូវធ្វើនៅលើទឹកដីបាសិទ្ធដែលជាស្រុក កំណើតរបស់ខ្លួន អ្នកនាងបានបន្តថា បន្ទាប់ពីនាងសម្រេចចិត្តបើកក្រុមហ៊ុននៅទីនេះ នាងក៏ត្រៀមនឹងសាងសង់ផ្ទះដើម្បីរស់នៅទីនេះផងដែរនៅថ្ងៃអនាគត ដោយពេលនេះនាងនិងស្វាមី កំពុងរៀបចំការងារទាំងអស់ឱ្យរួចរាល់ ដើម្បីមករស់នៅទឹកដីដែលខ្លួនស្រឡាញ់ ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024