ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

មកស្គាល់ភូមិមួយដែលសម្បូរកូនភ្លោះច្រើនបំផុតលើពិភពលោក

១៦ តុលា ២០២៤ | កម្សាន្ដ

 

 

 

ភូមិ​មួយ​ដែលត្រូវបានស្គាល់ថាជាភូមិសម្បូរកូនភ្លោះបំផុតក្នុង​ប្រទេសនីហ្សេរីយ៉ា​បាន​ប្រារព្ធនូវពិធីបុណ្យជួបជុំកូនភ្លោះប្រចាំឆ្នាំ ជាមួយការប៉ុនប៉ងបំបែកកំណត់ត្រាការជួបជុំ​កូនភ្លោះ​ធំ​បំផុត​លើ​ពិភពលោក។

 


កម្មវិធីជួបជុំកូនភ្លោះពិភពលោក World Twins festivalប្រចាំឆ្នាំនៅភូមិ Igbo-Ora (អ៊ីកបូ អូរ៉ា) ក្នុងរដ្ឋ Oyo (អូយ៉ូ) ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា ត្រូវបានរៀបចំយ៉ាងអធិកអធមកាលពីចុងសប្ដាហ៍ ដោយមានកូនភ្លោះ​ជាច្រើន​ក្រុម​បាន​មក​ចូលរួមក្បួន​ដង្ហែ ថតរូប​គូៗ ស្លៀកពាក់ដូចៗគ្នា អមដោយការប្រគំតន្ត្រី​វាយស្គរ និងការសម្ដែងរបាំ។ កម្មវិធីបុណ្យដែលមានរយៈ​ពេល​រហូត​ដល់ ៥ថ្ងៃនេះ បាន​បង្ហាញ​ទំនាក់ទំនង​ដ៏​ពិសេស​ក្នុងចំណោម​កូនភ្លោះ។

 


 
គួរបញ្ជាក់ថា ការមាន​កូនភ្លោះ​គឺជា​រឿងធម្មតា​បំផុត​នៅក្នុងចំណោម​ជនជាតិ​ Yoruba (យ៉ូរូបា) ដែលរស់នៅ​ភាគនិរតីនីហ្សេរីយ៉ា។ ការសិក្សាកាល​ពី​ឆ្នាំ​១៩៧០ បង្ហាញ​ថា​ក្នុង​ចំណោម​ការ​ឆ្លង​ទន្លេ ១០០០ ដង​នៅ​ទីនេះ គឺមាន​ ៥០ ដង​ជាការ​ឆ្លង​ទន្លេ​កូនភ្លោះ ដែលត្រូវបានចាត់ទុក​ជាអត្រា​ខ្ពស់​បំផុត​មួយ​លើ​ពិភពលោក ជាពិសេស​ក្នុង​ភូមិ  Igbo-Ora នេះគឺមានកូនភ្លោះ​យ៉ាងហោច​មួយគូ​គ្រប់គ្រួសារ។

 


 
លោក Kehinde (កេហ៊ីនដេ) ជាស្ថាបនិក​ពិធីបុណ្យ​កូនភ្លោះពិភពលោក​បាននិយាយថា សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ លោក​មិន​ទាន់​អាច​បង្ហាញពីចំនួនកូនភ្លោះជាក់លាក់នោះទេ ប៉ុន្តែ​សម្រាប់​​ឆ្នាំ​មុនៗ ធ្លាប់​មាន​កូនភ្លោះ​ច្រើន​បំផុតដល់ ២០៣៤ ក្រុម​ចូលរួម។
 

 


ពាក់ព័ន្ធការ​មាន​កូនភ្លោះនេះដែរ អ្នកស្រុក​នៅ​ទីនេះ​មាន​ជំនឿថាភាគរយ​ខ្ពស់​នៃការកើត​បាន​កូនភ្លោះគឺជាប់ទាក់ទងនឹងស្លឹក​ពោតបារាំង និងម្សៅ​ដំឡូងមី ដែល​ពួកគេ​ប្រើប្រាស់​សម្រាប់​ធ្វើ​មុខម្ហូប​ប្រចាំតំបន់​ម្យ៉ាង។ ទោះយ៉ាងណា ការស្រាវជ្រាវ​បង្ហាញថា កត្តាហ្សែន​ទំនងជា​មូលហេតុ​ច្រើន​ជាង។

 


 
គួរបញ្ជាក់ថា​ អ្នករៀបចំ​កម្មវិធី​ជួបជុំកូនភ្លោះ​ប្រចាំ​ឆ្នាំ​នេះ​ក៏​បាន​បង្ហាញ​ពីបំណង​បំបែក​កំណត់ត្រាពិភពលោកហ្គីណេសសម្រាប់ការជួបជុំភ្លោះដ៏ធំបំផុត និងរក្សា​ការទទួល​ស្គាល់ពី​អង្គការយូណេស្កូ​ថាជាព្រឹត្តិការណ៍បេតិកភណ្ឌវប្បធម៌ផងដែរ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024