ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

មនុស្សច្រើនពាន់នាក់ចូលរួមប្រកួតសង់ប៉មពីមនុស្សធំបំផុតនៅអេស្ប៉ាញ

០៨ តុលា ២០២៤ | កម្សាន្ដ

 

ការប្រកួតសាងប៉មមនុស្សដ៏ធំបំផុតរបស់ប្រទេសអេស្ប៉ាញបានធ្វើឡើងកាលពីថ្ងៃទី ៦ ខែតុលា ដោយមានមនុស្សរាប់ម៉ឺននាក់ចូលរួម។ការប្រកួតសាងប៉មមនុស្សជុំចុងក្រោយនៅតំបន់ Catalonia (កាតាឡូនៀ) ប្រទេសអេស្ប៉ាញមានក្រុមចំនួន ១២ ដែលធ្វើអោយអ្នកទស្សនាប្រមាណ ១១ ០០០ នាក់រំភើបចិត្តដែលបានប្រមូលផ្តុំគ្នានៅពហុកីឡដ្ឋាន Tarraco Arena ដើម្បីទស្សនាមនុស្សជាច្រើនរយនាក់ប្រកួតប្រជែង។

 


ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្រុមមកពីក្រុង Vilafranca (វីឡាហ្វ្រានកា) បានផ្តួលក្រុមចំនួន ៤០ ផ្សេងទៀតដើម្បីដណ្តើមបានតំណែងកំពូល និងដណ្តើមបានរង្វាន់ ១៥ ៦៧៩ ដុល្លារ នៃការប្រកួតនេះ។

 


គួរបញ្ជាក់ថា ការប្រកួតប្រជែងមានឈ្មោះថា Castells (ខាសធេល) ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងនេះ ប្រមូលផ្តុំក្រុមសាងប៉មមនុស្សមកពីទូទាំងតំបន់ Catalonia ដើម្បីបង្ហាញពីភាពរឹងមាំ ការសម្របសម្រួល និងការបង្កើតសមគ្គីភាពយ៉ាងស្មុគស្មាញរបស់ពួកគេ។

 


ប្រពៃណីសាងប៉មមនុស្សនេះដែរបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌កាតាឡាន ដោយការសាងសង់ដោយតម្រូវឱ្យឈរនៅលើស្មារបស់គ្នាទៅវិញទៅមក ដើម្បីបង្កើតជារាងប៉មមានកម្ពស់ខ្ពស់ និងភាពស្មុគស្មាញមិនគួរឱ្យជឿ។

 


មិនតែប៉ុណ្ណោះ ប្រពៃណីសាងប៉មមនុស្សនេះក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងឆ្នាំ ២០១០។ ការប្រកួតនេះបានចាប់ផ្ដើមដំបូងក្នុងឆ្នាំ ១៩៣២ និងចាប់ផ្ដើមធ្វើឡើងជារៀងរាល់២ឆ្នាំម្ដងចាប់តាំងពីឆ្នាំ ១៩៧០ ៕
 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024