ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

The Weeknd ក្លាយជាសិល្បករមានបទចម្រៀងមានអ្នកស្ដាប់ដល់ពាន់លានដងច្រើនជាងគេ

២៦ កញ្ញា ២០២៤ | កម្សាន្ដ

 

វេទិកាស្ដាប់បទចម្រៀងផ្លូវការធំបំផុត Spotify បានប្រកាសកាលពីថ្ងៃទី២៤ ខែកញ្ញានេះ ថាតារាចម្រៀងប៉ុបនិង R&B The Weeknd (ដឹ វីកឃេន) ពេលនេះគឺជាសិល្បករដែលមានបទចម្រៀងទទួលការស្ដាប់ដល់ ១ ពាន់លានដងច្រើនបទជាងគេនៅលើវេទិកានេះ។ 

 


កំណត់ត្រានេះអាចសម្រេចបានបន្ទាប់ពីបទ “After Hours” របស់លោកដែលចេញកាលពីឆ្នាំ២០២០ បានទទួលការចូលស្ដាប់ដល់ ១ពាន់លានដងកាលពីពេលថ្មីៗ ធ្វើឱ្យលោកអាចបំបែកកំណត់ត្រាចាស់របស់តារារ៉េប Drake ដែលមានបទចម្រៀងទទួលការស្ដាប់ដល់ ១ពាន់លានដងចំនួន ១៧ បទបានសម្រេច។

 


បទចម្រៀងរបស់ The Weeknd ដែលទទួលបានការចូលស្ដាប់ដល់ខ្ទង់ ១ពាន់លានដងមានដូចជាបទ “One Of The Girls”, “Die For You, “Earned it”, “Starboy”, “I Feel It Coming”, “Save Your Tears”, និង “Can't Feel My Face” ជាដើម។

 

 

ប៉ុន្តែក្នុងចំណោមនោះ បទចម្រៀងដែលមានចំនួន stream ច្រើនជាងគេគឺបទ “Blinding Lights” ដែលបច្ចុប្បន្នបានទទួលការចូលស្ដាប់ខ្ពស់រហូតដល់ជាង ៤៤០០ លានដង។

 


ទន្ទឹមនោះដែរ បទចម្រៀងចុងក្រោយរបស់លោកមានចំណងជើងថា “Dancing in The Flames” ក៏កំពុងទទួលបានជោគជ័យយ៉ាងល្អដែរ ខណៈអាចឡើងដលចំណាត់ថ្នាក់ទី១៤ ក្នុងតារាចម្រៀងពេញនិយមអាមេរិក Billboard Hot 100 សប្ដាហ៍នេះ និងអាចចំណាត់ថ្នាក់លេខ ១០ លើតារាងចម្រៀងពេញនិយមទូទាំងសាកលលោក Billboard Global 200 ៕

 


 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024