ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

Taylor Swift បរិច្ចាគ ៥ លានដុល្លារជួយជនរងគ្រោះដោយសារខ្យល់ព្យុះ

១០ តុលា ២០២៤ | កម្សាន្ដ

 

កំពូលតារាចម្រៀងស្រីអាមេរិក Taylor Swift ថ្មីៗនេះបានបរិច្ចាគប្រាក់រហូតដល់ ៥ លានដុល្លារ ដើម្បីជួយជនរងគ្រោះដោយខ្យល់ព្យុះកំណាចនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

 


តារាចម្រៀង Taylor Swift បានទទួលការសរសើរខ្លាំងចំពោះការបរិច្ចាគប្រាក់ដើម្បីជួយអ្នករងផលប៉ះពាល់ដោយព្យុះកំបុតត្បូងនៅរដ្ឋ Florida ខណៈដែលនាងកំពុងត្រៀមវិលទៅប្រគំតន្ត្រីទេសចរណ៍ Eras (អ៊ីរ៉ាស) ក្នុងរដ្ឋមួយនេះនៅសប្តាហ៍ក្រោយ។ 

 


អង្គការមិនរកប្រាក់ចំណេញ Feeding America បានបង្ហោះនៅលើគណនី Instagram ដើម្បីថ្លែងអំណរគុណ ដល់តារាស្រីវ័យ ៣៤ ឆ្នាំ ដោយបញ្ជាក់ថាការបរិច្ចាគនេះនឹងជួយដល់សហគមន៍ តាមរយៈការផ្តល់ស្បៀងអាហារ ទឹកស្អាត និងការផ្គត់ផ្គង់សំខាន់ៗដល់អ្នកដែលរងផលប៉ះពាល់ដោយព្យុះដ៏កាចសាហាវទាំងនេះ។

 


គួរបញ្ជាក់ថា ថ្មីៗនេះខ្យល់ព្យុះកំបុតត្បូងឈ្មោះ Helene បានសម្លាប់មនុស្សប្រមាណ ២៣០ នាក់ និងបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋមួយចំនួន ខណៈពេលដែលព្យុះឈ្មោះ Milton កម្រិតទី ៣ បានបោកបក់លើឆ្នេរសមុទ្រនៃរដ្ឋ Florida ជាមួយនឹងល្បឿនខ្យល់ប្រហែល ១៩៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋ។

 


កាលពីខែធ្នូឆ្នាំមុន Taylor Swift ក៏បានបរិច្ចាគ ១ លានដុល្លារដែរ ទៅកាន់មូលនិធិសង្គ្រោះបន្ទាន់របស់រដ្ឋ Tennessee (ថេនិស៊ី) ដើម្បីជួយប្រជាជនដែលផ្ទះសម្បែង និងជីវភាពរស់នៅត្រូវបានបំផ្លាញដោយខ្យល់ព្យុះ ហើយនៅក្នុងខែមីនា ឆ្នាំ ២០២០ នាងក៏បានបរិច្ចាគ ១ លានដុល្លារសម្រាប់ជួយដល់អ្នករងគ្រោះដោយសារខ្យល់ព្យុះក្នុងរដ្ឋនេះដូចគ្នា។

 


លើសពីនេះ នាងក៏ធ្លាប់បានបរិច្ចាគប្រាក់ដល់អង្គការសប្បុរសធម៌កាត់បន្ថយភាពក្រីក្រផ្នែកស្បៀងអាហារក្នុងទីក្រុងនានាជាច្រើនដែរក្នុងពេលដែលនាងចេញទៅប្រគំតន្ត្រីទេសចរណ៍ ៕
 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024