ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

គំនូររូបផ្កាព្រលឹតរបស់វិចិត្រករល្បីឈ្មោះដាក់លក់ដេញថ្លៃបាន ៣០លានដុល្លារ

២៧ កញ្ញា ២០២៤ | កម្សាន្ដ

 

មើលទៅធម្មតាប៉ុន្តែតម្លៃមិនធម្មតានោះទេសម្រាប់រូបគំនូរផ្កាព្រលឹតរបស់វិចិត្រករបារាំង Monet ដោយចុងក្រោយនេះគឺអាចលក់ដេញថ្លៃបានក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ៣០ លានដុល្លារ។

 


រូបគំនូរអាយុកាល ១២៥ ឆ្នាំមួយផ្ទាំងរបស់វិចិត្រករល្បីឈ្មោះ Claude Monet (ខ្លត ម៉ូណេ) ត្រូវបានលក់ក្នុងតម្លៃ ៣០ លានដុល្លារ ក្នុងការដេញថ្លៃនៅទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ដោយក្រុមហ៊ុនដេញថ្លៃបានអះអាងថាជាតម្លៃខ្ពស់បំផុតក្នុងចំណោមរូបគំនូររបស់វិចិត្រករបារាំងរូបនេះ។

 


គំនូររូបផ្កាព្រលឹតមានឈ្មោះថា “Nympheas” (នីមហ្វៀស) ត្រូវបានរក្សាទុកក្នុងផ្ទះរបស់គ្រួសារលោក Monet រាប់សត្សវត្សរ៍ បន្ទាប់ពីលោកបានទទួលមរណភាពកាលពីឆ្នាំ១៩២៦ មុនត្រូវបានយកមកដាក់លក់ដេញថ្លៃជាលើកដំបូងក្នុងពេលនេះ។

 


មុនលក់បានក្នុងតម្លៃនេះ ក្រុមហ៊ុនដេញថ្លៃ Christie's (គ្រីស្ទី) នៅហុងកុងបានធ្វើការប៉ាន់ប្រមាណថា វានឹងអាចលក់បានក្នុងតម្លៃចន្លោះ ២៥ លានដល់ ៣៥ លានដុល្លារ។ យ៉ាងណាមិញ ចុងក្រោយរូបគំនូរនេះអាចលក់ដេញថ្លៃបានត្រឹម ៣០ ដុល្លារ ខណៈដកថ្លៃចំណាយផ្សេងៗគឺនៅសល់ ២៥,៨ លានដុល្លារអាមេរិក។ ផ្អែកតាមក្រុមហ៊ុន Christie’s អ្នកដេញថ្លៃទិញគំនូរនេះបានគឺជាភ្ញៀវបរទេសមួយរូបដែលសុំមិនបញ្ចេញអត្តសញ្ញាណ។

 


នៅក្នុងពិធីដេញថ្លៃដដែលនេះ រូបគំនូរមួយផ្ទាំងទៀត ជារូបទេសភាពច្រាំងទន្លេពីវិចិត្រករហូឡង់ Vincent van Gogh (វីនសេន វ៉ាន់ ហ្គោ) ដែលបានគូរក្នុងឆ្នាំ១៨៨៧ អាចលក់ដេញថ្លៃបានក្នុងតម្លៃ ២៧,៦ លានដុល្លារ ដោយមិនគិតសេវាផ្សេងៗ។

 

 

ត្បិតថានេះជាតម្លៃខ្ពស់បំបែកកំណត់ត្រាសម្រាប់ការលក់រូបគំនូររបស់វិចិត្រករ Van Gogh នៅអាស៊ី ប៉ុន្តែតម្លៃនេះគឺទាបជាងការរំពឹងទុកដំបូងរបស់ក្រុមហ៊ុនដេញថ្លៃ ដែលបានប៉ាន់ប្រមាណថារូបនេះអាចលក់បានចន្លោះ ៣០ លានទៅ ៥០ លានដុល្លារអាមេរិក ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024