ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

Jiyeon បន្តការងារជាមួយក្រុម T-ara ធម្មតា ក្រោយធ្លាយដំណឹងលែងលះស្វាមី

០៧ តុលា ២០២៤ | កម្សាន្ដ

 

 

ទោះបីកំពុងមានព័ត៌មានប្ដឹងលែងលះស្វាមី ប៉ុន្តែសមាជិកក្រុម T-ara, Jiyeon នៅតែបន្តបង្ហាញខ្លួនក្នុងកម្មវិធីអបអរខួបគម្រប់ ១៥ ឆ្នាំនៃក្រុមរបស់ខ្លួននៅថ្ងៃច័ន្ទនេះ។

 

 

Park Jiyeon (ផាក ជីយ៉ន) សមាជិកវ័យ ៣១ឆ្នាំរបស់ក្រុម T-ara គ្រោងនឹងចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រនៅទីក្រុងម៉ាកាវ នៅថ្ងៃទី ៧ ខែតុលានេះ រួមជាមួយនឹងសមាជិកដទៃទៀត។ នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាងចាប់តាំងពីការប្រកាសលែងលះពីស្វាមី គឺកីឡាករបេស្បលវ័យ ៣៧ឆ្នាំ លោក Hwang Jae-gyun (វ៉ាង ជេឃ្យុន) កាលពីចុងសប្ដាហ៍កន្លងទៅ។

 

 

គួរបញ្ជាក់ថា Jiyeon និងស្វាមីបាន​ដាក់​សំណើ​លែងលះ​ទៅ​តុលាការ​ក្រុង​សេអ៊ូល កាលពីខែកញ្ញា។ មេធាវីតំណាងឱ្យ Jiyeon បាននិយាយថា គូស្នេហ៍មួយគូនេះមិនអាចយកឈ្នះលើការខ្វែងគំនិតគ្នាបាន ដែលនាំឱ្យមានការបែកគ្នា និងកិច្ចព្រមព្រៀងលែងលះនៅទីបញ្ចប់។

 

 

ចំណែកភាគីស្វាមី លោក Hwang Jae-gyun (វ៉ាង ជេឃ្យុន) បាននិយាយថា Jiyeon និងលោកបានសម្រេចចិត្តលែងលះគ្នា បន្ទាប់ពីមានការពិចារណាយ៉ាងស៊ីជម្រៅ និងការបែកគ្នាមួយរយៈ ដោយសារតែអត្តចរិតខុសគ្នា។ ទោះយ៉ាងណា ពួកគេនឹងបញ្ចប់រឿងនេះដោយសន្តិវិធី។ លោកថា ទោះបីជាទំនាក់ទំនងជាប្ដីប្រពន្ធនឹងបញ្ចប់ក៏ដោយ ក៏ពួកគេនឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើផ្លូវរៀងៗខ្លួន។

 


 
គួររំឭកថា គូស្នេហ៍ដែលបានរៀបការកាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះបានប្រឈមមុខនឹងពាក្យចចាមអារ៉ាមនៃការលែងលះជាបន្តបន្ទាប់តាំងពីខែមិថុនា ប៉ុន្តែអ្នកទាំងពីរតែងរក្សាភាពស្ងៀមស្ងាត់ចំពោះព័ត៌មាននេះ។ រហូតដល់ខែកញ្ញា Jieyon បានបន្តបង្ហោះវីដេអូលើ YouTube របស់នាងឡើងវិញក្រោយការផ្អាកជាង៣ខែ ប៉ុន្តែក៏បានលុបវីដេអូទាំងអស់ទាក់ទងនឹងអតីតស្វាមីចេញ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024