ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
បន្តទៅនេះយើងនឹងនាំទស្សនិកជនមកស្គាល់ក្រុមចម្រៀងនារីខេប៉ុបជំនាន់ថ្មី ៥ ក្រុមដែលកំពុងពង្រឹងតំណែងរបស់ខ្លួនយ៉ាងរឹងមាំក្នុងនាមជាកំពូលសិល្បករបន្ទាប់របស់ K-pop។
ខណៈក្រុមចម្រៀងថ្មីៗជាច្រើនបានបង្ហាញខ្លួនជាបន្តបន្ទាប់នៅក្នុងឧស្សាហកម្ម K-pop ប៉ុន្តែក្នុងនោះមានតែក្រុមមួយចំនួនតូចប៉ុណ្ណោះដែលអាចស្គាល់ពាក្យថាជោគជ័យ។
ខាងក្រោមនេះ PNN សូមបង្ហាញពីក្រុមចម្រៀងនារីជំនាន់ទី៤ ចំនួន ៥ ក្រុមដែលមិនត្រឹមតែកំពុងជោគជ័យ តែក៏បានកំណត់ស្តង់ដារថ្មីសម្រាប់អ្នកជំនាន់ក្រោយផងដែរ។
១. NewJeans (ញូជីនស៍)
បង្ហាញខ្លួនដំបូងក្នុងខែកក្កដា ឆ្នាំ២០២២ NewJeans បានទទួលភាពជោគជ័យភ្លាមៗជាមួយ Concept បែប Y2K ដែលបានក្លាយជា Trend ពេញនិយមថ្មីមួយទៀតក្នុងវិស័យចម្រៀងប៉ុប។ បទចម្រៀងដំបូងរបស់ពួកគេមានចំណងជើងថា “Attention” ពិតជាបានទាក់ទាញការចាប់អារម្មណ៍របស់អ្នកស្ដាប់យ៉ាងទូលំទូលាយ បន្តដោយបទល្បីៗជាច្រើនទៀតដូចជា Hype Boy, OMG, Super Shy, Ditto និង Cool With You ដែលធ្វើឱ្យពួកគេក្លាយជាក្រុមចម្រៀងជួរមុខទាំងវ័យក្មេង។
សមត្ថភាពរបស់សមាជិកក្រុមក្នុងការលាយបញ្ចូលគ្នានូវរសជាតិតន្ត្រីប៉ុប ហ៊ីបហប និង R&B យ៉ាងរលូននៅក្នុងបទចម្រៀង ធ្វើឱ្យពួកគេអាចទទួលបានអ្នកគាំទ្រចម្រុះទូទាំងពិភពលោក។
២. (G)I-DLE (ជី អាយដល)
ក្រុមចម្រៀងពីផលិតកម្ម CUBE មួយនេះត្រូវបានគេស្គាល់ច្រើនសម្រាប់តន្ត្រីប្រកបដោយភាពច្នៃប្រឌិត និងនិពន្ធដោយខ្លួនឯង ដែលរក្សាបាននូវលក្ខណៈពិសេសផ្ទាល់ខ្លួនពួកគេ។
ចាប់តាំងពីការបង្ហាញខ្លួនដំបូងជាមួយបទ LATATA និងបទល្បីៗជាបន្តបន្ទាប់ដូចជាបទ Tomboy,បទ Oh My God និងបទ NXDE (នូត) ពួកគេបានបង្ហាញពីសមត្ថភាពក្នុងបកស្រាយនូវប្រភេទចម្រៀង និង concept ផ្សេងៗគ្នាជានិច្ច។ ជាងនេះទៅទៀត ពួកគេក៏ផលិតចម្រៀងជាច្រើនដែលទាក់ទងនឹងបញ្ហាសង្គម ជាពិសេសបញ្ហារបស់ស្ត្រី។
៣. Aespa (អេស្ប៉ា)
aespa បានក្ដោបយកការចាប់អារម្មណ៍របស់ហ្វេន K-pop យ៉ាងឆាប់រហ័សជាមួយនឹង Concept បែបលោកអនាគត។ បទចម្រៀងដំបូងរបស់ពួកគេគឺ Black Mamba បានណែនាំអ្នកគាំទ្រទៅកាន់ពិភពលោកនិម្មិត ធ្វើឱ្យពួកគេមានភាពខុសប្លែកពីក្រុមផ្សេងទៀត។
បទបន្តបន្ទាប់ដូចជា Next Level និង Savage បានបង្កើតសាច់រឿងកាន់តែគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត ព្រមជាមួយការច្រៀងដ៏មានថាមពល និងក្បាច់រាំគួរឱ្យចាប់អារម្មណ៍។
អាល់ប៊ុមចុងក្រោយរបស់ពួកគេមានចំណងជើងថា Armageddon ធ្វើឱ្យពួកគេគ្រងតំណែងក្រុមកំពូលរបស់ខេប៉ុបជាផ្លូវការ ជាពិសេសសម្រាប់បទចម្រៀង Supernova ដែលបានជាប់ចំណាត់ថ្នាក់កំពូលលើគ្រប់តារាងចម្រៀងកូរ៉េខាងត្បូងរយៈពេលជាច្រើនសប្តាហ៍។
៤. IVE (អាយហ្វ៍)
មិនមែនមកពីផលិតកម្មធំៗដូចក្រុមផ្សេងនោះទេ ប៉ុន្តែ IVE ត្រូវបានចាត់ទុកជារសជាតិថ្មីសន្លាងមួយទៀតក្នុងពិភពខេប៉ុបទាំងបទចម្រៀងនិងរូបសម្រស់ដ៏ទាក់ទាញរបស់ពួកគេ។
បង្ហាញខ្លួនក្រោមផលិតកម្ម Starship Entertainment កាលពីចុងឆ្នាំ២០២១ បទចម្រៀងដំបូងរបស់ពួកគេគឺ ELEVEN ទទួលបានការចាប់អារម្មណ៍ភ្លាមៗ បន្ទាប់មកគឺបទ LOVE DIVE និង After LIKE ដែលទទួលបានជោគជ័យខ្លាំងស្មើៗគ្នា។
ក្រុមចម្រៀងដែលមានសមាជិក ៦ នាក់មួយនេះអាចទទួលបានពានរង្វាន់ជាច្រើនបន្ទាប់ពីការបង្ហាញខ្លួនដំបូង។ សមត្ថភាពរបស់សមាជិកម្នាក់ៗក្នុងការបង្ហាញបទចម្រៀងមានគុណភាពខ្ពស់ និងការសម្តែងគួរឱ្យទាក់ទាញ អាចបង្ហាញឱ្យឃើញពីអនាគតដ៏ភ្លឺស្វាងខណៈពួកគេបន្តកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំនៅក្នុងឧស្សាហកម្មនេះ។
៥. LE SSERAFIM
LE SSERAFIM បានទាក់ទាញការចាប់អារម្មណ៍ជាមួយ Concept បែបសិចស៊ី និងការសម្តែងពោរពេញដោយថាមពលរបស់ពួកគេ។ ចាប់ផ្តើមពីបទ Fearless បទ Easy, បទ ANTIFRAGILE បទ Smart និងបទជាច្រើនទៀតសុទ្ធតែបានបង្ហាញពីការរីកចម្រើនឥតឈប់ឈររបស់ពួកគេ។
ការសម្តែងរបស់ពួកគេធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែនៅលើឆាកអន្តរជាតិក៏ដូចគ្នា ជាក់ស្ដែងដូចជានៅមហោស្រពតន្ត្រី Coachella និងកម្មវិធី MTV Video Music Awards របស់អាមេរិកកាលពីពេលកន្លងទៅ ៕
ប្រែសម្រួល៖ វ៉ាន់ថន