ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ក្រុមចម្រៀងខេប៉ុប BTS បានជាប់លេខ ៥ ក្នុងចំណោមសិល្បករមានអ្នកស្ដាប់ចម្រៀងច្រើនជាងគេលើពិភពលោក ខណៈបទចម្រៀងរបស់ពួកគេទទួលបានការស្ដាប់សរុបរហូតដល់ជាង ៦៥ ពាន់លានដងលើ Spotify។
ក្រុមចម្រៀង BTS បានបង្ហាញភាពជោគជ័យលំដាប់សាកលោករបស់ពួកគេម្ដងទៀត ដោយបានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងបញ្ជីសិល្បករដែលមានអ្នកស្ដាប់ចម្រៀងច្រើនជាងគេលើ Spotify ជាមួយការស្ដាប់ចម្រៀងសរុប ៦៥,៤ ពាន់លានដង គិតរួមបញ្ចូលទាំងបទចម្រៀងជាក្រុម និងបទទោលរបស់សមាជិកម្នាក់ៗ។
ចំណាត់ថ្នាក់នេះធ្វើឱ្យពួកគេក្លាយជាសិល្បករខេប៉ុបតែមួយគត់ដែលបានជាប់ក្នុងចំណាត់ថ្នាក់ Top Five ខណៈចំណាត់ថ្នាក់លេខ១ដល់លេខ៤គឺសុទ្ធសឹងជាកំពូលតារាអន្តរជាតិដូចជា Drake, Taylor Swift, Bad Bunny និង The Weeknd។
ក្នុងនោះបទចម្រៀងពេញនិយមបំផុតមួយចំនួនរបស់ពួកគេនៅលើ Spotify មានដូចជាបទ Dynamite (ដាយណាម៉ាយ), បទ Fake Love, បទ Butter, បទ My Universe និងបទជាច្រើនទៀត ព្រមទាំងបទទោលរបស់សមាជិកម្នាក់ៗដូចជាបទ Seven របស់ Jungkook, បទ FRI(END)S (ហ្វ្រេនស៍) របស់ V, និងបទ Daechwita (ដេចវិតា) របស់ Suga ជាដើម។
លើសពីនេះ បទចម្រៀងរបស់ក្រុមចម្រៀងប្រុសមួយនេះក៏ទទួលបានការទស្សនាយ៉ាងច្រើនដែរនៅលើ YouTube តួយ៉ាងបទ Dynamite មានការចូលទស្សនា ១៨០០ លានដង។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ BTS ទើបតែបានប្រារព្ធខួប ១១ ឆ្នាំនៃការបង្ហាញខ្លួនរបស់ពួកគេ ខណៈបច្ចុប្បន្នសមាជិកចំនួន ៦ នាក់ក្នុងចំណោម ៧នាក់គឺកំពុងបំពេញកាតព្វកិច្ចយោធា ៕
ប្រែសម្រួល៖ វ៉ាន់ថន