ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
តាមការព្យាករណ៍ នៅថ្ងៃទី២៦ កញ្ញា ស្អែកនេះ កម្ពស់ទឹកនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នឹងស្រកចុះវិញ ក៏ប៉ុន្តែកម្ពស់ទឹកតាមតំបន់មួយចំនួនដូចជា នៅកំពង់ចាម អ្នកលឿង ចតុមុខ កោះខែល និងព្រែកក្តាម នឹងបន្តហក់ឡើង ។ កម្ពស់ទឹកនៅតាមដងទន្លេកំពុងហក់ឡើងខ្លាំង រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានណែនាំប្រជាពលរដ្ឋ រសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។
ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកញ្ញា នេះ បានណែនាំប្រជាពលរដ្ឋ រស់នៅតាមដងទន្លេ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពស់ទឹកនៅតាមដងទន្លេកំពុងហក់ឡើងខ្លាំង ។
គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ទឹកទន្លេមានកម្ពស់ ១០,៤០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន មានកម្ពស់ ១០,៧០ម៉ែត្រ និងកម្ពស់ទឹកទន្លេនៅខេត្តក្រចេះ មានកម្ពស់ ២១,៦៤ ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន មានកម្ពស់ ២២ម៉ែត្រ។
តាមការព្យាករណ៍ នៅថ្ងៃទី២៦ កញ្ញា ស្អែកនេះ កម្ពស់ទឹកនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នឹងស្រកចុះវិញ ក៏ប៉ុន្តែកម្ពស់ទឹកស្ថានីយជលសាស្រ្តទន្លេមេគង្គ នៅកំពង់ចាម និងតំបន់អ្នកលឿង នឹងបន្តហក់ឡើង ខណៈកម្ពស់ទឹកនៅស្ថានីយជលសាស្រ្តទន្លេបាសាក់ ចតុមុខ និងកោះខែល និងស្ថានីយជលសាស្រ្តទន្លេសាប ព្រែកក្តាម ក៏បន្តហក់ឡើងដូចគ្នា។
ជាមួយនឹងហក់ឡើងនៃកម្ពស់ទឹកទន្លេនេះ រដ្ឋបាលខេត្តស្ទឹងត្រែង ស្នើឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ពលរដ្ឋក្នុងមូលដ្ឋានយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ត្រៀមបង្ការ ចំពោះអាយុជីវិតប្រជាពលរដ្ឋ ជនងាយរងគ្រោះសត្វចិញ្ចឹម និងត្រៀមបម្រុងឱ្យបានខ្ពស់នៅទីតាំងលំនៅឋាន ផ្ទះសម្បែង ទីជម្រក និងស្បៀងអាហារ ទឹកស្អាត ថ្នាំសង្កូវ សម្ភារឧបករណ៍ប្រើប្រាស់ចាំបាច់ និងរបស់របរមានតម្លៃផ្សេងៗ។
ដោយឡែក នៅខេត្តក្រចេះ ក្នុងនាមប្រធានក្រុមកា រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អាជ្ញាធរយកចិត្តទុកដាក់ ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ទឹកជំនន់ខ្លាំង ,ត្រៀមលក្ខណៈបង្ការផ្សេងៗ និងប្រកាន់នូវវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការខ្លួនពីជំងឺដំកាត់ផ្សេងៗ។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង បានថយឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើ ភាគកណ្តាល នៃអាងទន្លេមេគង្គ និងកម្ពុជា។ ស្ថានភាពនេះ នឹងធ្វើឲ្យ កម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា៕
អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ញិល សុជា