ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤

ស្រ្តីឆ្នើម ២រូប ឈ្នះការប្រឡងចៀរជ័រកៅស៊ូ ខណៈបេក្ខជនចូលរួមជាង ៧០រូប

១៨ ធ្នូ ២០២៤ | ព័ត៌មានជាតិ

ស្ត្រីឆ្នើម ២រូប ក្នុងចំណោមបេក្ខជនសរុបជាង ៧០រូប ទទួលបានជ័យលាភី ក្នុងការប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិ លើកដំបូង ឆ្នាំ២០២៤ នេះ។ បេក្ខជន ដែលបានចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីប្រឡងចៀរជ័រកៅស៊ូ ប្រចាំឆ្នាំ២០២៤ រៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចំការកៅស៊ូជប់ ក្នុងខេត្តត្បូងឃ្មុំ មានស្រ្តី ចូលរួមប្រកួតតែ ៥រូបប៉ុណ្ណោះ ក្នុងចំណោមបេក្ខជនជាង ៧០រូប។

 


អ្នកស្រីពៅ ចិន្តា និងកញ្ញា គិន ចាន់ធឿន ជាបេក្ខនារី ទទួលជ័យលាភីលេខ២ និងលេខ៣ នៅកម្មវិធីប្រឡងចៀរជ័រកៅស៊ូ ប្រចាំឆ្នាំ២០២៤ រៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចំការកៅស៊ូជប់ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤។

 


លទ្ធផលនៃការប្រលងនេះ បានប្រកាស នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលជាការប្រឡងចៀរជ័រកៅស៊ូដំបូងបង្អស់ ដែលអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសា រៀបចំធ្វើ ដើម្បីចម្រាញ់ជ្រើសយកអ្នកចៀរជ័រកៅស៊ូ ដែលមានសមត្ថភាព និងជំនាញ។

 


ការប្រលងចៀរជ័រនេះ តម្រូវឱ្យបេក្ខជនទាំងចៀរជ័រកៅស៊ូ ក្នុងម្នាក់ៗ ៤៥០ដើម ក្នុងរយៈពេល ១ម៉ោង ១៥នាទី ដោយធ្វើយ៉ាងណា ឱ្យបានលឿន និងចៀរតាមបច្ចេកទេស ដែលក្រសួងកំណត់។

 

 

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន មានប្រសាសន៍ថា ការប្រលងនាពេលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់យើងទាំងអស់គ្នា បានឃើញពីសមត្ថភាព និងជំនាញរបស់បងប្អូនកម្មករដែលបានមកចូលរួមប្រលង ព្រមទាំងបង្ហាញអំពីការយកចិត្ដទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះអនុវិស័យកៅស៊ូ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋចំពោះរកការងារធ្វើក្នុងអនុវិស័យការងារកៅស៊ូ ។

 

 

ឯកឧត្តមបានលើកទឹកចិត្តឱ្យស្រ្តីចូលរួមប្រកួតបានច្រើននាឆ្នាំបន្តបន្ទាប់ទៀត។បើតាម ក្រសួងកសិកម្ម ការប្រលងប្រជែងនេះ ក៏រក្សាបាននិរន្ដរភាពកម្លាំងពលកម្មតាមចម្ការកៅស៊ូ រក្សាសុខភាពដើមកៅស៊ូ រយៈពេលចៀរយកផលបានយូរ ត្រឹមត្រូវ ទទួលបានទិន្នផលខ្ពស់ និងផ្ដល់ក្ដីសង្ឃឹមដល់កម្មករចៀរជ័រឱ្យខិតខំប្រឹងប្រែងបំពេញការងារកាន់តែល្អ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែប្រសើរឡើង៕

 

 

 

អត្ថបទ៖ ហំ ផានិត     រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024