ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ បេក្ខជន ៨០៩នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ខណៈជ្រើសរើស យកត្រឹមតែ ៣៦នាក់។ ការប្រឡងនេះ បានធ្វើឡើង ចំនួន ៣វិញ្ញាសា គឺវិញ្ញាសាជំនាញបច្ចេកទេស វិញ្ញាសាពហុចម្លើយ ភាសាអង់គ្លេស ឬភាសាបារាំង និងវិញ្ញាសាពហុចម្លើយ ចំណេះដឹងទូទៅ។
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ដែលការប្រឡងជ្រើសរើសនេះ មានបេក្ខជនចូលរួមចំនួន ៨០៩នាក់ ក្នុងនោះមានស្រីចំនួន ៤៧០នាក់ និងជ្រើសរើសយកចំនួនត្រឹមតែ ៣៦នាក់ប៉ុណ្ណោះ។ ការប្រឡងនេះ ក៏មានការចូលរួមបើកកញ្ចប់វិញ្ញាសាដោយផ្ទាល់ពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
ការប្រឡងប្រព្រឹត្តទៅចាប់ពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ម៉ោង ៥ និង ៣០នាទីល្ងាច ដោយមានវិញ្ញាសារចំនួន ៣ គឺវិញ្ញាសាជំនាញ បច្ចេកទេស វិញ្ញាសាពហុចម្លើយ ភាសាអង់គ្លេស ឬភាសាបារាំង និងវិញ្ញាសាពហុចម្លើយ ចំណេះដឹងទូទៅ។ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានឱ្យដឹងថា ការប្រឡងប្រជែង គឺធ្វើឡើងដើម្បីគុណភាព ដូច្នេះអ្នកដែលចេះពិតប្រាកដ នឹងមានឱកាសជាប់បម្រើការងារ។ ឯកឧត្តម ក៏រំពឹងថា ការប្រឡងប្រជែងនេះ នឹងស្វែងរកអ្នកដែលចេះពិតប្រាកដ ដើម្បីអាចបម្រើការងារប្រកបដោយគុណភាពខ្ពស់។
សូមបញ្ជាក់ដែរថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នេះ នឹងធ្វើការជ្រើសរើសទៅលើមុខជំនាញ ចំនួន១១ ក្នុងនោះរួមមាន៖ ក្របខណ្ឌ "ក" ចំនួន ១២នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ៧ នាក់ ឱសថការី ២ នាក់ ទន្តបណ្ឌិត ១ នាក់ មន្ត្រីព័ត៌មានវិទ្យា ១នាក់ និងមន្ត្រីគណនេយ្យ ១ នាក់។ ចំណែក ក្របខណ្ឌ "ខ" មានចំនួន ២៤នាក់ ទន្តគិលានុបដ្ឋាក ១ នាក់ គិលានុបដ្ឋាក១៣ នាក់ ឆ្មបមធ្យម ៤ នាក់ អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម ៣ នាក់ អ្នកបច្ចេកទេសវិទ្យុសាស្រ្ត ១ នាក់ និងមន្ត្រីរដ្ឋបាល ២ នាក់៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា