ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។ ការគ្របដណ្តប់សុខភាពជាសាកល រយៈពេល ១០ឆ្នាំនេះ មានគោលដៅធានាឱ្យពលរដ្ឋទាំងអស់ មានលទ្ធភាពទទួលបានសេវាសុខាភិបាល ដែលពួកគេត្រូវការប្រកបដោយគុណភាពនៅគ្រប់ទីកន្លែង និងពេលមានតម្រូវការ ដោយមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ។
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ក្នុងបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ដល់សាធារណជន និងភាគីពាក់ព័ន្ធនានាឱ្យបានជ្រាបកាន់តែទូលំទូលាយបន្ថែមទៀត អំពី គោលបំណងរួម, ខ្លឹមសារ និងសារៈសំខាន់ នៃផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាការបង្ហាញនូវ មុខងារ និងភារកិច្ចរបស់ក្រសួង-ស្ថាប័ន នីមួយៗ ដែលនឹងត្រូវចូលរួមអនុវត្តផែនទីបង្ហាញផ្លូវនេះ ផងដែរ។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដែលហៅកាត់ថា អ.គ.ស.ស និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងទៀត។
ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដែលហៅកាត់ថា អ.គ.ស.ស បានឱ្យដឹងថា ការគ្របដណ្តប់សុខភាពសាកលកម្ពុជានេះ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលគ្រប់គ្នា ដែលពួកគេមិនត្រឹមតែគ្របដណ្តប់នោះទេ តែពួកគេអាចទទួលបានការសេវាសុខាភិបាលដែលមានគុណភាព និងមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុនោះទេ។
គ.ស.ស. មានគោលដៅធានាឱ្យពលរដ្ឋទាំងអស់មានលទ្ធភាពទទួលបានសេវាសុខាភិបាលដែលពួកគេត្រូវការ ប្រកបដោយគុណភាពនៅគ្រប់ទីកន្លែង និងពេលមានតម្រូវការ ដោយមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ ដែលសេវាទាំងនោះរួមមាន ចាប់ពីការលើកកម្ពស់សុខភាព ការបង្ការជំងឺ រហូតដល់ការព្យាបាល ការស្តារនីតិសម្បទាជាដើម។ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ បានកំណត់គោលដៅជាក់លាក់ ចំនួន ៣ រួមមាន៖ ១).ការពង្រីកវិសាលភាពនៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គម ឱ្យបាន ៨០% នៃពលរដ្ឋសរុប; ២).ការបង្កើនសន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោច ៨០%; និង ៣).ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឱ្យនៅត្រឹម ៣៥% នៃចំណាយសរុបលើវិស័យសុខាភិបាល ។
គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋគ្រប់រូប ដោយចាត់ទុកការទទួលបានការថែទាំសុខភាព ជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និង ធានាថា គ្មានពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធ និង ត្រូវបានទុកចោល ដោយមិនមានការយកចិត្តទុកដាក់ ក្នុងការពិនិត្យ និង ការព្យាបាលថែទាំ ដោយប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា