ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

ស្ត្រីកាន់តែច្រើន ចាប់យកជំនាញបច្ចេកទេស ខណៈតម្រូវការការងារបានច្រើន 

១៨ ធ្នូ ២០២៤ | ព័ត៌មានជាតិ

សព្វថ្ងៃ យុវជនកាន់តែច្រើន បានចូលរៀនជំនាញបច្ចេកទេស។ ក្នុងនោះ ក៏មានសិស្ស ជានារី កំពុងរៀនជំនាញបច្ចេកទេស ដូចជា សំណង់ស៊ីវិល និងអគ្គិសនី ជាដើម។ សិស្សនារី ដែលកំពុងរៀនជំនាញជាងភ្លើង និងសំណង់ស៊ីវិល បានលើកឡើងថា ការជ្រើសរើសរៀនជំនាញ ដែលកន្លងមក ជាការងាររបស់បុរសនេះ ដោយសារតែមានតម្រូវការការងារច្រើន ហើយស្ត្រី អាចទទួលបានឱកាសការងារច្រើនជាងបុរស។

 


ជំនាញបច្ចេកទេសជាច្រើន កំពុងមានការចូលរៀនច្រើនពីយុវជនកម្ពុជា ក្នុងនោះ យុវនារីជាច្រើនក៏កំពុងជ្រើសរើសរៀនជំនាញបច្ចេកទេសផងដែរ ដូចជា សំណង់ស៊ីវិល អគ្គិសនី និងអេឡិចត្រូនិកជាដើម។ ជាក់ស្តែងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប កំពុងមានសិស្សស្រីជាច្រើន កំពុងសិក្សាជំនាញផ្សេងៗគ្នា ក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ 

 

 

កញ្ញា ឈុន សុភាព ជាសិស្សកំពុងសិក្សាផ្នែកអគ្គិសនីមួយរូប នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានឱ្យដឹងនៅក្នុងដំណើរទស្សនៈកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន ក្រោមការដឹកនាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថា ការដែលកញ្ញាមករើសជំនាញនេះ ព្រោះបច្ចុប្បន្នសង្កេតឃើញមានតម្រូវការការងារច្រើន ហើយអនាគត ចំណេះជំនាញទាំងនេះ នឹងកាន់តែមានតម្រូវការកាន់តែច្រើនថែមទៀត។ 

 

 

ចំណែកកញ្ញា ពាញ វលក្ខ័ ជាសិស្សផ្នែកវិស្វកម្មសំណង់ ដែលបានបញ្ចប់ការសិក្សា និងកំពុងធ្វើការងារមួយរូបលើកឡើងថា ចំពោះខ្លួនជាសិស្សស្រីដែលរៀនជំនាញបច្ចេកទេសនេះមួយរូប សង្កេតឃើញថា អាចទទួលបានឱកាសស្ទើរតែច្រើនជាងបុរស ក្នុងការទទួលបានជម្រើសការងារ។ 

 


ទន្ទឹមនឹងគ្នានេះ លោកស្រី Jyotsana Varma បានឱ្យដឹងថា លោកស្រី ពិតរីករាយនៅពេល ឃើញយុវជនកម្ពុជាទាំងបុរស និងនារីកំពុងសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ដែលជំនាញទាំងនេះ កំពុងមានតម្រូវការទីផ្សារខ្លាំងស្របពេលដែលស្ថានភាពប្រទេសកម្ពុជាកំពុងវិវឌ្ឍន៍រីកចម្រើនលឿន។ 
 

 

សូមបញ្ជាក់ដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវិនិយោគ លើគម្រោងជំនាញដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនេះ សរុបចំនួន ៨៨,២៣ លានក្នុងនោះ ថវិកា ៦០ លាន ដុល្លាពី ធនាគារ ADB សហហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ជិត២០ លានដុល្លា និងទឹកប្រាក់ ៨,៣១ លាន ដុល្លារ ពី រាជរដ្ឋាភិបាល កម្ពុជា។គម្រោងនេះ ដំណើរការចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៩ រហូតដល់ ខែតុលា ឆ្នាំ ២០២៦ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពកម្មវិធីជំនាញបច្ចេកទេស ធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា មានចំណេះ ជំនាញ ដែលអាចរកចំណូលបានគ្រប់គ្នា៕

 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ, រូបភាព៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024