ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

ថៃ សម្រេចការនាំចេញត្បូង និងគ្រឿងអលង្ការ ជាង ៥ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ

១៨ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

វិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃ បានប្រកាសថា ការនាំចេញគ្រឿងអលង្ការ និងត្បូងរបស់ថៃក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ សម្រេចបានជាង ៥ពាន់លានដុល្លារអាមេរិក កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។

 

 

ប្រភពខាងលើ បានគូសបញ្ជាក់ថា តួលេខនេះ មិនរាប់បញ្ចូលគ្រឿងលម្អមាសនោះទេ។ បើគិតបញ្ចូលគ្រឿងលម្អមាស តម្លៃនៃការនាំចេញពីខែមករា ដល់ខែកក្កដា មានចំនួន ៩ពាន់ ៣រយលានដុល្លារអាមេរិក កើនឡើង ១៣% ធៀបនឹងឆ្នាំមុន។

 


នាយកវិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃ បានថ្លែងថា ជម្លោះភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តអ្នកប្រើប្រាស់ បានបណ្តាលឱ្យតម្លៃនៃការនាំចេញគ្រឿងអលង្ការដែលមិនមែនជាមាស ធ្លាក់ចុះនៅក្នុងខែមិថុនា និងខែកក្កដា។

 


ទោះជាយ៉ាងណាក៏ដោយ ការនាំចេញគ្រឿងអលង្ការមាស ក្នុងខែកក្កដា បានកើនឡើង ៤៣៤% បើធៀបនឹងខែមិថុនា ដែលឈានដល់ ១ពាន់ ១រយលានដុល្លារអាមេរិក បន្ទាប់ពីតម្លៃមាសបានកើនឡើងលើសពី ២.៤៨០ដុល្លារ ក្នុងមួយអោន។


សូមរម្លឹកថា ក្រសួងពាណិជ្ជកម្មថៃ រំពឹងថាការនាំចេញត្បូង និងគ្រឿងអលង្ការ នឹងកើនឡើង ១០% នៅឆ្នាំនេះ ដល់ ៩ពាន់លានដុល្លារអាមេរិក ដោយសារតែការបង្កើនតម្រូវការនៅក្នុងទីផ្សារពិភពលោក ការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ និងការពង្រីកទីផ្សារថ្មី។


ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការថៃ មានការចូលរួមពីបុគ្គលជិត ៨សែននាក់ នៅក្នុងសង្វាក់ផ្គត់ផ្គង់ ដោយមានប្រតិបត្តិករអាជីវកម្មប្រហែល ១ម៉ឺនកន្លែងនៅទូទាំងប្រទេស ក្នុងនោះ ៩០% គឺជាសហគ្រាសធុនតូច និងមធ្យម៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024