ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

វៀតណាម រំពឹងរកចំណូលបានជាង ៥ពាន់លានដុល្លារ ពីការនាំចេញអង្ករក្នុងឆ្នាំ ២០២៤

១៨ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា ការនាំចេញអង្កររបស់វៀតណាម រំពឹងនឹងឈានដល់ទំហំទឹកប្រាក់ប្រហែល ៥ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈដែលតម្រូវការ ស្ថិតនៅកម្រិតខ្ពស់ពីទីផ្សារធំៗ និងទីផ្សារប្រពៃណីដូចជា ហ្វីលីពីន និងឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

ប្រភពដដែលបានបន្ថែមថា ប្រទេសវៀតណាម បាននាំចេញអង្ករចំនួន ៦លាន ១សែនតោន ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជាង ៣,៨ពាន់លានដុល្លារអាមេរិក ដោយតួលេខនេះ តំណាងឱ្យការកើនឡើង ៥% នៅក្នុងបរិមាណ និង ២១% នៅក្នុងតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


ប្រទេសវៀតណាម ប្រមូលផលស្រូវបានចំនួន ៣លាន ៤សែនហិកតា នៅឆមាសទី ១ ឆ្នាំ ២០២៤ ដោយទិន្នផលជាមធ្យម ឈានដល់ ៦,៧តោនក្នុងមួយហិកតា ដែលនាំឱ្យទិន្នផលសរុប កើនឡើងដល់ ២៣លានតោន។

 


ទន្ទឹមនឹងនោះ វៀតណាម បានចំណាយថវិកាប្រមាណ ៦៧០លានដុល្លារអាមេរិក លើការនាំចូលអង្ករពីប្រទេសផ្សេងទៀត រួមមានកម្ពុជា និងឥណ្ឌា។ជាក់ស្តែង វៀតណាម រំពឹងថា នឹងផលិតអង្ករបានចំនួន ៤៣លានតោននៅឆ្នាំនេះ គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនាំចេញជាង ៨លានតោន និងការប្រើប្រាស់ក្នុងស្រុកផងដែរ។ 


នៅឆ្នាំ ២០២៤ វៀតណាម មានគោលបំណងរក្សាផ្ទៃដីដាំដុះស្រូវជាង ៧លានហិកតា និងទិន្នផលស្រូវជាង ៤៣លានតោន ដោយធានាការប្រើប្រាស់ក្នុងស្រុក និងនាំចេញអង្ករជាង ៨លានតោន។សូមជម្រាបថា ការនាំចេញអង្ករវៀតណាម កាលពីឆ្នាំ ២០២៣ មានភាពរីកចម្រើនដោយបរិមាណឈានដល់ ៨លានតោន មានតម្លៃ ៤ពាន់ ៧រយលានដុល្លារ ដែលវាជាការនាំចេញខ្ពស់បំផុតសម្រាប់ឧស្សាហកម្មអង្កររបស់វៀតណាម៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024