ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ក្រសួងកសិកម្ម បានរៀបចំឱ្យក្រុមនិស្សិត ចុះកម្មសិក្សា នៅតាមគោលដៅសហគមន៍កសិកម្មមួយចំនួន ដើម្បីជួយគាំទ្រការងារបច្ចេកទេសនៃការដាំដុះ។ ការរៀបចំនេះ ក៏ជាផ្នែកមួយ ផ្តល់ឱកាសឱ្យនិស្សិត អនុវត្តផ្ទាល់ជាមួយកសិករ ដើម្បីដកស្រង់បទពិសោធន៍បន្ថែមពីលើការសិក្សា។ នៅពេលនេះ និស្សិតកសិកម្ម ១ក្រុម កំពុងជួយកសិករ ក្នុងសហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់»។
ក្រុមនិស្សិតកសិកម្ម កំពុងចុះកម្មសិក្សានៅតាមសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» ចំនួន ៥នាក់ បាននឹងកំពុងចូលរួមយ៉ាងសកម្មជាមួយប្រជាកសិករនៅក្នុងសហគមន៍ ក្នុងការផ្តល់ចំណេះដឹងនៃការដាំដុះ បច្ចេកទំនើប និងការងារជាច្រើនផ្សេងទៀត។ ក្រុមនិស្សិតកសិកម្មកំពុងចុះកម្មសិក្សានេះ ត្រូវបានជ្រើសរើស និងគាំទ្រដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងគាំទ្របច្ចេកទេសដល់សហគមន៍ទំនើប ក៏ដូចជាផ្តល់ឱកាសដល់ប្អូនៗនិស្សិតអាចដកស្រង់បទពិសោធន៍ជាក់ស្តែង។
កញ្ញា សឿង សុភា ជានិស្សិតឆ្នាំទី៤ ផ្នែកវិទ្យាសាស្ត្រកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងកំពុងចុះកម្មសិក្សានៅក្នុងសហគមន៍កសិកម្មទំនើបត្រាំកក់ បានលើកឡើងថា ការចុះមកដល់សហគមន៍នេះ គឺជាបទពិសោធន៍ថ្មីស្រឡាងរបស់ខ្លួន ដែលកន្លងមកកញ្ញាធ្លាប់តែរៀនពីទ្រឹស្តីច្រើនជាការអនុវត្តផ្ទាល់។ ការដែលចុះមកអនុវត្តផ្ទាល់នេះ កញ្ញាថាជាឱកាសមួយដ៏ល្អសម្រាប់ខ្លួន ដើម្បីរៀនសូត្រពីកសិករត្រឡប់ទៅវិញ។
បច្ចុប្បន្នក្រុមនិស្សិតចុះកម្មសិក្សានេះកំពុងជួយគាំទ្រការងារសហគន៍មួយចំនួនដូចជា បច្ចេកទេសក្នុងការដាំដុះ បច្ចេកទេសក្នុងការស្រោចស្រព ការគ្រប់គ្រងជំងឺ និងសត្វល្អិតជាដើម។ ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានឱ្យដឹងដែរថា ការដាក់និស្សិតឱ្យចុះកម្មសិក្សានៅតាមសហគមន៍បែបនេះ គឺជាផ្នែកមួយនៃកម្មវិធីគាំទ្របច្ចេកទេសដល់សហគមន៍ទំនើប ក៏ដូចជាផ្តល់ឱកាសដល់ប្អូនៗនិស្សិតអាចដកស្រង់បទពិសោធន៍ និងអាចស្វែងរកការងារអចិន្ត្រៃយ៍ជាមួយសហគមន៍ក្រោយពេលដែលពួកគេបញ្ចប់កម្មសិក្សាផងដែរ។
ឯកឧត្តមថា ក្រុមនិស្សិតរបស់យើង គឺដើរតួនាទីដូចជាអ្នកគ្រប់គ្រងសហគន៍យ៉ាងដូច្នោះដែរ ដោយពួកគេមើលទៅលើការងាររបស់កម្មករសហគមន៍ផ្ទាល់ដូចជា ការងារដាំដុះ ការប្រមូលផល និងការងារថែទាំជាដើម។ ឯកឧត្តមបន្ថែមទៀតថា ក្នុងរយៈពេល ៣ខែនៃការចុះកម្មសិក្សារបស់ពួកគេ ហើយប្រសិនបើសហគមន៍ពេញចិត្តទៅលើការងាររបស់ក្រុមនិស្សិតយើងពួកគេក៏អាចចរចារដើម្បីទទួលការងារពីសហគមន៍បន្តទៀតផងដែរ៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា