ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤

សិល្បករ សិល្បការិនី សាទរក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី និង អុជកាំជ្រួច អបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ 

០៦ សីហា ២០២៤ | កម្សាន្ដ

 

 

សិល្បករ សិល្បការិនីមកពីផលិតកម្មផ្សេងៗគ្នាបានចូលរួមច្រៀង រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងព្រឹត្តិការណប្រគំតន្រ្តី និង អុជកាំជ្រួច ដើម្បីអបអរសាទរបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ។ 

 

 

 

ព្រឹត្តិការណ៍ប្រគំតន្រ្តី និង អុជកាំជ្រួច ដើម្បីអបអរសាទរបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី ០៥ ខែ សីហា នេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលរួម បើទោះបីជាកម្មវិធីប្រព្រឹត្តិទៅក្រោមតំណក់ទឹកភ្លៀង ប៉ុន្តែទាំងមហាជន ក៏ដូចជាសិល្បករសិល្បការិនីដែលមានវត្តមាននាថ្ងៃនោះម្នាក់ៗបានសម្តែងនូវអារម្មណ៍រីករាយ និង សាទរគ្រប់ៗគ្នា ព្រមទាំងបាននាំគ្នារាំលេងកម្សាន្តតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ ក្រោមពន្លឺកាំជ្រួច ។ 

 

 

 

ទន្ទឹមនិងការប្រគំតន្រ្តី និងអុជកាំជ្រួចនារាត្រីដ៏អស្ចារ្យនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គម្រោង ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់ប្រទេស កម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និង ប្រជាជន កម្ពុជា យ៉ាងពិតប្រាកដ ពីព្រោះថា ព្រែកជីកនេះគឺជាការតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ ទៅនឹងផ្លូវដឹកជញ្ជូនសមុទ្រ ឆ្លងកាត់ខេត្តចំនួន ៤ រូមមាន ខេត្ត កណ្តាល តាកែវ កំពត និង ខេត្ត កែប ។ 

 

 

សិល្បករសិល្បការិនី ដែលបានចូលរួមនៅក្នុងការប្រគំតន្រ្តីនារាត្រីនោះម្នាក់ៗបានសម្តែងនូវអារម្មណ៍រីករាយ ក៏ដូចជាការសាទរ ចំពោះការបើកគម្រោងសាងសង់ព្រែកជីហ្វូណនតេជោ ដែលជាទំព័រប្រវត្តិសាស្រ្តថ្មីរបស់ កម្ពុជា  ។ 

 


សម្រាប់មហាជនដែលបានចូលរួមទស្សនាការប្រគំតន្រ្តី និង អុជកាំជ្រួច ដើម្បីអបអរសាទរបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីម្សិលមិញនេះ ម្នាក់ៗក៏បានចូលរួមគាំទ្រ អបអរសាទរ និងបង្ហាញអារម្មណ៍រីករាយគ្រប់ៗគ្នា បើទោះបីជាពេលនោះភ្លៀងធ្លាក់ជោគជាំ ប៉ុន្តែការប្រគំតន្រ្តី និងអុជកាំជ្រួច នៅតែបន្តរហូតដល់ចប់កម្មវិធី ម្នាក់ៗសប្បាយរីករាយជាមួយការរាំលេងកម្សាន្តដោយមិនខ្វល់ពីតំណក់ទឹកភ្លៀងឡើយ ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024